រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទឱ្យដឹងថា នៅឆ្នាំ២០២៣ខាងមុខ ពលរដ្ឋ៩០ភាគរយនឹងទទួលបានទឹកស្អាតប្រើប្រាស់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លៃងថា ប្រជាពលរដ្ឋកម្ពុជានៅជនបទទូទាំង ប្រទេសនឹងទទួលបានទឹកស្អាតប្រើប្រាស់ និងការលើកកម្ពស់បញ្ហាសុខភាព-អនាម័យកាន់តែប្រសើររហូតដល់ ៩០ភាគរយនៅឆ្នាំ២០២៣ខាងមុខ មុននឹងការសម្រេចបាន ១០០ភាគរយតាមផែនការកំណត់ត្រឹមឆ្នាំ២០២៥។

ការលើកឡើងនេះនៅក្នុងសិក្ខាសាលាការរៀបចំផែនការថ្នាក់ជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់ អនាម័យនៅជនបទជំហ៊ានទី២ សម្រាប់ឆ្នាំ២០១៩ - ២០២៣ នៅថ្ងៃនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ថ្លែងចំពោះមុខមន្ត្រីជំនាញនិងអង្គការពាក់ព័ន្ធនឹងវិស័យទឹកស្អាត អនាម័យចំនួនជាង ១០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា គិតដល់ឆ្នាំ២០១៨នេះ ស្ថានភាពការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់សុខភាព-អនាម័យកម្ពុជា សម្រេចបានជាង ៦០ភាគរយហើយ។

ទន្ទឹមគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជានៅតាមតំបន់ជនបទ ចាប់ផ្តើមយល់ដឹងពីបញ្ហា ទឹកស្អាត អនាម័យ និងបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយនឹងរាជរដ្ឋាភិបាលបានយ៉ាងច្រើន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាត និងរស់នៅមានអនាម័យល្អប្រសើររហូតដល់ ៩០ភាគរយនៅឆ្នាំ២០២៣, ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការសកម្មភាពថ្នាក់ជាតិ និង ថ្នាក់ខេត្តស្តីពីការផ្គត់ផ្គង់ ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៩ - ២០២៣ ហើយអនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាព, ពិសេសមានការចូលរួមពីបណ្តារដៃគូអភិវឌ្ឍន៍នានា និងអង្គការក្រៅរដ្ឋាភិបាលជាដើម។

សូមជម្រាបថា នៅឆ្នាំ២០២៥ ខាងមុខ រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសនឹងទទួល បានទឹកស្អាតប្រើប្រាស់ និងរស់នៅមានអនាម័យ ១០០ភាគរយ។
គួរបញ្ជាក់ថាទឹកគឺជាជីវិតដែលមនុស្សគ្រប់រូបត្រូវការ ហើយទឹកនៅលើផែនដីយើងទាំងមូលគឺ៩៧.៥%ជាប្រភេទឹកប្រៃ និង២.៥%ជាប្រភេទទឹកសាប៕
អត្ថបទ ៖ គល់ គន្ធា រូបភាព ៖ ហុង បូរ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation