អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី សន្យាគ្រប់គ្រងឲ្យបានច្បាស់លាស់នូវលំហូរចេញ ចូលជនអន្តោប្រវេសន៍
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានសន្យាធានាដល់ការ គ្រប់គ្រង ឲ្យបានច្បាស់លាស់ ក្នុងការចេញចូលនូវជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់មិនថាតាមព្រំដែនទឹក និងគោក នោះឡើយ ខណៈក្រសួងមហាផ្ទៃអំពាវនាវឲ្យនគរបាលអន្តោប្រវេសន៍មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិន ខុសច្បាប់ មួយចំនួននៅខេត្តព្រះសីហនុ។

ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយនគរបាលជាន់ខ្ពស់ និងនាយនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះនៅក្រសួងមហាផ្ទៃ ឯក ឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ បានលើកឡើងថា ដើម្បីឲ្យមានប្រសិទ្ធភាពនិងច្បាស់លាស់បន្ថែមទៀតក្នុងការគ្រប់គ្រង់នូវជនអន្តោប្រវេសន៍នោះ ឯកឧត្តមប្តេជ្ញាពិនិត្យឲ្យ បានច្បាស់លាស់នូវការចេញចូលរបស់ជនអន្តោប្រវេសន៍ទំាងនោះគ្រប់ច្រកល្ហកទាំងអស់។

ឯកឧត្តមបានបញ្ជាក់ថា «ក្នុងនាមអគ្គនាយកនៃអគ្គនាយកដ្ឋានបន្តវេន ឯកឧត្តមបាន ប្តេជ្ញាចិត្តថានឹងខិតខំស្រាវជ្រាវ ដើម្បីគិតគួរ ដាក់ចេញយុទ្ធសាស្រ្តការងារអន្តោប្រវេសន៍ក៏ដូចជាគោលការណ៍ និងផែនការណ៍ថ្មីៗសម្រាប់ចំណាត់ការថ្មី ទៅមុខទៀត ដើម្បី ធានាគ្រប់គ្រង់ឲ្យបានច្បាស់លាស់នូវលំហូរចេញចូលតាមច្រកទ្វាព្រំដែនគោក និងទឹក,គ្រប់គ្រងវត្តមានស្នាក់នៅក្នុងផ្ទៃប្រទេស ,ការធ្វើពលកម្មរបស់ជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា, ការដោះស្រាយកិច្ចការជនបរទេសដែលអន្តោប្រវេសន៍ដើម្បីដាក់ ឲ្យស្ថិតនៅក្នុងគន្លង់ច្បាប់និងកិច្ចការជនភៀសខ្លួន ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពបំផុតនូវទិសដៅរបស់ ក្រសួងមហាផ្ទៃ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល»។

ថ្លែងនៅក្នុងកម្មវិធីនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះមានជនអន្តោប្រវេសន៍ ដែលមកធ្វើការនៅប្រទេសកម្ពុជាជិតមួយ សែននាក់ប៉ុន្តែពួកគេមានប័ណ្ណការងារ ស្របច្បាប់ត្រឹមតែជាងពីរម៉ឺននាក់ប៉ុណ្ណោះដូច្នេះអគ្គនាយកដ្ឋានបន្តវេនត្រូវបន្តកិច្ចការនេះទៀតដើម្បីឲ្យស្របទៅតាមច្បាប់នៅប្រទេសកម្ពុជា។

ឯកឧតុ្តមរដ្ឋលេខាធិការ បានបន្តទៀតថា នៅពេលបច្ចុប្បន្ននេះដែលធ្វើឲ្យអាជ្ញាធរមានភាពស្មុគ្រស្មាញគឺជាជនអន្តោប្រវេសន៍ ខុសច្បាប់ចិន ជាពិសេសគឺនៅខេត្តព្រះសីហនុតែម្តងដូច្នេះសូមនគរអន្តោប្រវេសន៍ទាំងអស់មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនដែលខុសច្បាប់ទាំងនោះហើយលួចមករស់នៅខេត្តព្រះសីហនុ។

ឯកឧត្តមបានបន្តថា នៅក្នុងឆ្នាំ២០១៨នេះជនជាតិចិននឹងមកធ្វើការរកស៊ី នៅប្រទេស កម្ពុជាចំនួនប្រាំម៉ឺននាក់បន្ថែមទៀត ខណៈនៅខេត្តព្រះសីហនុតែមួយមានជនជាតិចិនរហូតដល់ជាង២០ម៉ឺននាក់ហើយនោះ។ យ៉ាងណាក៏ដោយឯកឧត្តម បានធ្វើការអំពាវនាវដល់អាជ្ញា ធរទាំងអស់ត្រូវធ្វើការប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះជនជាតិចិនទាំងនោះ។ ដោយសារតែពួកគេមួយចំនួនបានបង្ករភាពអសន្តិសុខដល់សង្គម៕ អត្ថបទ ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation