រដ្ឋករទឹកក្រុងកំពង់ចាម អះអាងថា ទឹកស្អាតរបស់ខ្លួនគ្មានមេរោគបាក់តេរីទេ ដែលអាចផឹកបានភ្លាមៗចេញពីក្បាលរមណេ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដោយសារតែកំណើនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម ចេះតែកើនឡើង តម្រូវការទឹកស្អាតក៏ត្រូវការពង្រីកបណ្តាញបន្ថែមទៀតទៅតាមតំណាក់កាលនីមួយៗ ហើយបើតាមការបញ្ជាក់ពីលោក ព្រាប សូម៉ាឡា ប្រធានអង្គភាពរដ្ឋករទឹកខេត្តកំពង់ចាមបានឲ្យដឹងថាកាលពីឆ្នាំ២០១៦កន្លងទៅអង្គភាពរដ្ឋករទឹកទទួលបាននូវប្រព័ន្ធទឹកស្អាតដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់១៣លានដុល្លារ តាមរយះរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព័ន្ធផលិតទឹកស្អាតរបស់ប្រទេសជប៉ុន រួមទាំងប្រព័ន្ធទឹកស្អាតដែលមានស្រាប់គឺមានសមត្ថភាពផលិតទឹកស្អាតសរុបបាន១៦៥០០ម៉ែត្រគីបក្នុង១ថ្ងៃ ដោយតម្រូវការបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម និងភូមិមួយចំនួនជាប់ក្រុងកំពង់ចាមគឺប្រើប្រាស់អស់តែប្រមាណ១ម៉ឺនម៉ែត្រគីបប៉ុណ្ណោះក្នុង១ថ្ងៃ ហើយចំពោះតំលៃក្នុង១ម៉ែត្រគីបចាប់ពី៩០០៛ទៅ១៦០០៛។


ប្រធានអង្គភាពរដ្ឋករទឹកបានបញ្ជាក់ទៀតថា ការពង្រីកបណ្តាញទឹកស្អាតគឺកើនឡើងដល់ទៅ៨ឃុំសង្កាត់ដែលនៅជាប់ក្រុងកំពង់ចាម ដែលពីមុនមានត្រឹមតែក្នុងសង្កាត់ទាំង៤ប៉ុណ្ណោះក្នុងក្រុងកំពង់ចាម។ ដោយឡែកនៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ខាងមុខរដ្ឋករទឹកនឹងមានការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយបន្ថែមទៀតស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ដែលមានសមត្ថិភាពផលិតទឹកស្អាតក្នុង១ថ្ងៃ១ម៉ឺនម៉ែត្រគីបដែលជាជំនួយឥនទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ហើយរដ្ឋករទឹករំពឹងថានៅពេលនោះចំនួនប្រជាពលរដ្ឋដែលទទួលបានប្រព័ន្ធទឹកស្អាតប្រើប្រាស់នឹងកើនឡើងដល់៩០%ក្នុងឃុំសង្កាត់ទាំង៨នៃក្រុងកំពង់ចាម និងស្រុកកំពង់សៀម។


លោកប្រធានអង្គភាពរដ្ឋករទឹកក៏បានជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យងាកមកប្រើប្រាស់ បណ្តាញទឹកស្អាត ពីព្រោះទឹកគឺជាបញ្ហាសំខាន់ចំពោះសុខភាពនៃជីវិត ហើយទឹកដែលប្រើប្រាស់ចេញពីរដ្ឋករទឹកគឺពុំមានមេរោគ និងបាក់តេរី និងអាចហូប ឫពិសារបានដោយផ្ទាល់ ជាងនេះទៅទៀតទឹកស្អាតនេះគឺមានការស្ថិតនៅក្រោមការត្រួតពិនិត្យជាប្រចាំពីអង្គការសុខភាពពិភពលោក និងពីរាជរដ្ឋាភិបាលជប៉ុនផងដែរ។


គួរបញ្ជាក់ថាទឹកគឺជាជីវិតដែលមនុស្សគ្រប់រូបត្រូវការ ហើយទឹកនៅលើផែនដីយើងទាំងមូលគឺ៩៧.៥%ជាប្រភេទឹកប្រៃ និង២.៥%ជាប្រភេទទឹកសាប៕(អត្ថបទ៖ ហ៊ាង ថាច )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation