រដ្ឋមន្រ្តីហិរញ្ញវត្ថុកម្ពុជាប្ដេជ្ញាធានារក្សានិរន្ដរភាពប្រតិបត្ដិការនិងគុណភាពសេវានៃមន្ទីពេទ្យគន្ធបុប្ផា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានប្ដេជ្ញាដើម្បីធានារក្សានិរន្ដរភាពប្រតិបត្ដិការរបស់មន្ទីពេទ្យគន្ធបុប្ផា ឲ្យកាន់តែល្អប្រសើរឡើង ទោះបីជាបាត់បង់នូវស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា គឺលោកសាស្ដ្រាចារ្យ Beat Richner។

រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបង្កើតឡើង ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដទ្រទ្រង់រក្សាការពារ ស្ដង់ដាគុណភាព នៃសេវាសុខាភិបាល របស់មន្ទីរពេទ្យនៅដដែល។ ការថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានដឹកនាំ គណៈប្រតិភូ ចូលរួមសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់ស្ថាបនិក មន្ទីរពេទ្យកុមារ គន្ធបុប្ផា កម្ពុជា លោកសាស្ត្រាចារ្យ បេអាត រិចឈ្នឺរ នៅមន្ទីរពេទ្យគន្ធបុប្ផាកាលពីរសៀលម្សិលមិញ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ទៀតថា យើងមានក្រុម ការងារដែលធ្លាប់ធ្វើការងារជិតសិទ្ធជាមួយ លោកវេជ្ជបណ្ឌិត Beat Richner ហើយពេលនេះ យើងក៏ប្ដេជ្ញាចិត្ដរួមគ្នាខ្ពស់ ក្នុងការរក្សាស្ដង់ដារគុណភាព នៃសេវាសុខាភិបាលរបស់មន្ទីរពេទ្យ នឹងបន្ដកិច្ចសហការជាមួយមូលនិធិគន្ធបុប្ផាស្វីស និងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីបន្ដជួយដោះស្រាយផ្នែកហិរញ្ញប្បទាន។

ស្របគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម៉ម ប៊ុនហេង ក៏បានប្រកាសនៅថ្ងៃនេះដែរថា សម្រាប់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់ នឹងបន្ដការងារផ្នែកបច្ចេកទេស ដើម្បីរក្សាស្ដង់ដារនៃការគ្រប់គ្រង ស្ដង់ដានៃសេវាសុខាភិបាល ធានាថាមិនឲ្យមានការធ្លាក់ចុះនូវគុណភាពនោះទេ នឹងបន្ដឲ្យមានការកែលម្អរកាន់តែប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមទម្រង់ជាបរធនបាលកិច្ច នៅក្រោម ពាក្យស្លោក “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា” ក្នុងគោលបំណងដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរ ការរបស់មន្ទីរ ពេទ្យគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជានឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តលើកទឹកចិត្តដល់ទាំងរូបវ័ន្តបុគ្គល ទាំងនីតិបុគ្គលឱ្យចូលរួមកៀរគរនូវអំណោយ ឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជានឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ។

សូមរំលឹកដែរថា មុននឹងឈានដល់ការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផារាជរដ្ឋាភិបាលកម្ពុជា បានដកថវិកានៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយដកចំនួន ២ដុល្លារ ក្នុងមួយសំបុត្រ បញ្ជូលទៅ ក្នុងមូលនិធិគន្ធបុប្ផា៕(អត្ថបទ៖ចេង ឆហួត )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation