អ្នកជំនាញអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលខឿនរួតទី៣ជ្រុងនិរតីនៃប្រាសាទបាយ័នដោយជោគជ័យ
អត្តបទ៖ ជា ស្រស់
ខេត្តសៀមរាប៖ ខឿនរួតទី៣ ជ្រុងនិរតី នៃប្រាសាទបាយ័នត្រូវបានក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលរួចរាល់ជាស្ថាពរ។
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣ នៃប្រាសាទបាយ័ន បានឱ្យដឹងនៅថ្ងៃទី២៥ ខែ សីហានេះថា ក្នុងដំណើការជួសជុលក្រុមការងារ ផ្តោតសំខាន់ទៅលើជញ្ជាំងខឿនរបស់រួតទី៣ជ្រុងនិរតីនេះតែម្តង បន្ទាប់មករើថ្មភក់ និងថ្មបាយក្រៀមនៅកន្លែងដែលក្រៀក ហែកចេញពីគ្នារួចហើយ អ្នកជំនាញបានយកទៅរៀបឡើងវិញ តាមលក្ខណៈដើម និងបានធ្វើតេស្តពិនិត្យ លើគុណភាពដី របស់គ្រឹះបុរាណ។ ដោយការងារជួសជុលនេះ ក៏ត្រូវបានប្រើប្រាស់ថ្មថ្មីខ្លះៗ ដើម្បីជំនួសថ្មចាស់ ដែលបានខូចខាត។
កញ្ញាបន្តទៀតថា បញ្ហាប្រឈមដែលជួបប្រទះក្នុងកំលុងពេលជួសជុលខឿនរួតទី៣ជ្រុងនិរតីនេះ គឺត្រូវប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធ ទាំងការរើ និងជញ្ជូនថ្ម ដោយមិនបានប្រើប្រាស់គ្រឿងយន្តនោះទេ ដែលអាចនាំឱ្យមានហានិភ័យទៅដល់ប្រាសាទទាំងមូល។
សូមជម្រាបផងដែរថា ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន បានចាប់ផ្តើមការងារជួសជុល និងពង្រឹងរចនាសម្ព័ន្ធខឿននៅរួតទី៣ នៃប្រាសាទបាយ័នឡើងវិញ កាលពីកំលុងខែកុម្ភៈ ដើមឆ្នាំ២០២១មក បន្ទាប់ពីពិនិត្យឃើញថា រួត ទី៣ របស់ប្រាសាទ មានការទ្រុឌទ្រោម ជាច្រើនកន្លែង ដែលត្រូវទាមទារឱ្យមានការជួសជុល ដើម្បីថែទាំ និងអភិរក្សប្រាសាទបុរាណ ឱ្យនៅគង់វង្សសម្រាប់ផលប្រយោជន៍ដល់កូនចៅជំនាន់។
ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នតួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលខ្លោងទ្វារចូល ៥ទៀត សរុបទាំងអស់ ៥៤កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង ៥៤ នៅសម័យកាលនោះ៕