លោក ដូណាល់ ត្រាំ នឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
| ព័ត៌មានអន្តរជាតិ
SHARE

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ដែលត្រូវបានធ្វើឡើងក្រោមអាណត្តិរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។

នៅក្នុងការប្រឆាំងទៅនឹងការផ្តល់យោបល់ពីបណ្តាសម្ព័ន្ធមិត្តអឺរ៉ុប, លោក ត្រាំ បាននិយាយថា លោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់សាជាថ្មី ខណៈដែលទណ្ឌកម្មនោះត្រូវបានលើកលែងនៅពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។


ប្រទេសអ៊ីរ៉ង់បានធ្វើការឆ្លើយតបដោយនិយាយថា ខ្លួនកំពុងត្រៀមដើម្បីចាប់ផ្តើមសាជាថ្មីនូវការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលសំខាន់បំផុតនៅក្នុងការផលិតទាំងអាវុធ និងថាមពលនុយក្លេអ៊ែរ។
ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសសាន់ រូហានី (Hassan Rouhani) បាននិយាយថា លោករង់ចាំរយៈពេល២ទៅ៣សប្តាហ៍ទៀតដើម្បីនិយាយជាមួយបណ្តាសម្ព័ន្ធមិត្ត និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនោះជាមុនសិន ហើយប្រសិនបើផលប្រយោជន៍ជាតិអ៊ីរ៉ង់នៅតែត្រូវបានបំពេញ នោះកិច្ចព្រមព្រៀងនឹងនៅដដែល បើទោះបីជាមានការដាក់ទណ្ឌកម្មពីអាមេរិកក៏ដោយ។


កាលពីថ្ងៃអង្គារដដែលនោះ លោក បារ៉ាក់ អូបាម៉ា បានហៅការសម្រេចចិត្តរបស់លោក ត្រាំ ដែលនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នោះថាជាកំហុសយ៉ាងធ្ងន់ធ្ងរដែលនឹងធ្វើឲ្យប៉ះពាល់ដល់ភាពជឿទុកចិត្តជាសកលរបស់អាមេរិក។
រីឯប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក៏បានសរសេរនៅលើគណនីធ្វីតធ័រ (Twitter) ផងដែរថា ប្រទេសរបស់លោករួមជាមួយប្រទេសអង់គ្លេស និងអាល្លឺម៉ង់មានការសោកស្តាយចំពោះការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation