ព្រះមហាក្សត្រនិងហ្លួងម៉ែ ស្តេចយាងទៅកាន់ទីក្រុងប៉េកាំង ដើម្បីត្រួតពិនិត្យព្រះរាជសុខភាព តាមការកំណត់ របស់ក្រុមគ្រូពេទ្យចិន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី មុនីនាថ សីហនុ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញ ពី កម្ពុជាហើយ តាមព្រះទីនាំងយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណ រដ្ឋប្រជាមានិតចិន ដើម្បី គង់ប្រថាប់ ពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។

យាង និង អញ្ញើញដង្ហែព្រះរាជាដំណើរនៃព្រះអង្គទាំងទ្វេនៅឯព្រះលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុល សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សានុ វង្សជាច្រើនរូបទៀត រួមនឹងវត្តមានរបស់ឯកអគ្គរដ្ឋទូត ចិន ប្រចាំកម្ពុជា។

ក្នុងព្រះរាជសារចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូនជនរួមជាតិ អង្គព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖ ព្រះអង្គនិងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជិតខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាតនិងអនុញ្ញាតពីសម្ដេ ច ព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និង ព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោ កយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំង អស់អវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។
នៅក្នុងឱកាសអវត្តមានព្រះអង្គនោះ សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គក្នុងឋានៈ ជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពពីមន្ត្រីជាន់ខ្ពស់នៃព្រះរមរាជវាំង បានបញ្ជាក់ប្រាប់CNC នាព្រឹកនេះថា ព្រះរាជដំណើរយាងទៅកាន់ទីក្រុងប៉េកាំង នាថ្ងៃនេះ របស់ព្រះអង្គទាំងទ្វេ ដើម្បីយាងទៅត្រួតពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់គ្រូពេទ្យចិន ដែលធ្វើឡើងរៀងរាល់៦ខែម្តង ហើយព្រះអង្គទាំងទ្វេ នឹងស្តេចយាងមាតុភូមិនិវត្តន៍ មុនពេលដែលពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់ ដើម្បីយាងចូលរួមពិធី បុណ្យដ៏ធំនេះ ជាមួយប្រជានុរាស្ត្ររបស់ទ្រង់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation