កូនត្រីជិត ៤០០គីឡូក្រាម ត្រូវបានប្រលែងនិងដុតកំទេចចោលឧបករណ៍នេសាទខុសច្បាប់នៅស្រុកកងមាស
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសនេសាទ និងបង្កើននូវទិន្នផលត្រី សមត្ថិកិច្ចជំនាញនិងអជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ចាមតែងតែចុះបង្ក្រាបនូវបទល្មើសនេសាទខុសច្បាប់នៅតាមបឹង និងតាមដងទន្លេមេគង្គ។

ជាក់ស្តែងក្រុមសមត្ថកិច្ចចម្រុះរួមមាន មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល សហគមន៍នេសាទ មន្ត្រីជំនាញជលផល រួមទាំងប្រជាការពារគឺបានចុះទៅបង្ក្រាបបទល្មើសនេសាទ១កន្លែងស្ថិតនៅចំណុចបឹងក្រោយឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម នៅក្នុងការចុះបង្ក្រាបបទល្មើសនេសាទនេះកំលាំងចម្រុះបានរឹបអូសបានលូស្បៃមុងចំនួន៩៦មាត់ រ៉ាវចំនួន៣១មាត់ របាំងព្រួលចំនួន២៩៧០ ម៉ែត្រ និងលែងកូនត្រីចូលក្នុងបឹងធម្មជាតិវិញប្រមាណ៣៨៣គីឡូក្រាម រីឯឧបករណ៍នេសាទខុសច្បាប់ដែលប្រមូលបាន គឺដុតកំទេចចោលនៅ ក្រោយភូមិវ៉ារិន្ទទី៣ ឃុំខ្ចៅ ស្រុកកងមាស។

ទាក់ទងបញ្ហាខាងលើនេះដែរលោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាមបានកន្លងមកក៏បានជូនដំណឹងទៅដល់បងប្អូនប្រជានេសាទ កុំឲ្យប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់មានដូចជា លូស្បៃមុង អួន ម៉ាញ់ ឆៃរ៉ា នាម ឆ្លួក ឧបករណ៍ឆក់ រួមទាំងឧបករណ៍ហាមឃាត់មួយចំនួនទៀតនៅក្នុងរដួវបិទនេសាទចាប់ពីថ្ងៃ១មិថុនា ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៨ ចំពោះឧបករណ៍នេសាទដែលអនុញ្ញាតឲ្យប្រើប្រាស់មានតែរាយសន្ទូច ដាក់មងជាដើមទើបអនុញ្ញាត។

សូមបញ្ជាក់ថាបទល្មើសនេសាទបានកើតឡើងជាបន្តបន្ទាប់ ហើយខណ្ឌរដ្ឋបាលជលផលកំពង់ចាមតែងតែសហការជាមួយអជ្ញាធរមូលដ្ឋានដើម្បីចុះបង្ក្រាប ប៉ុន្តែករណីបទល្មើសនេសាទនៅតែកើតមានឡើងវិញជាបន្តបន្ទាប់ទៅតាមគ្រប់រូបភាព ហើយឈ្មួញទិញកូនត្រីនៅតែអាចរកទិញបានជាពិសេសនៅចំណុចបឹងធំស្ថិតនៅក្នុងឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
អត្ថបទ ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation