សម្តេចតេជោ អះអាងថា កំណែទម្រង់រាជរដ្ឋាភិបាលអាណត្តិថ្មីគឺប្រើគោលនយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងក្នុងអណត្តិថ្មីទី៦ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។


នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើការធ្វើកំណែទម្រង់ត្រឹមតែដូរមនុស្ស មិនខុសពីការសម្លាប់ខ្លួននោះទេ ដោយសម្តេចបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនទាល់តែ ដូរមនុស្សនោះទេ តែសំខាន់សំដៅលើខ្លឹមសារការងារ និងប្រសិទ្ធភាពការងារវិញ។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា សម្តេចចាប់ផ្តើមធ្វើការពីមនុស្សតែ៥នាក់ កើនដល់រាប់លាននាក់ ដោយសារតែនយោបាយ រក្សាចាស់បង្កើនថ្មី ហើយភាពជោគជ័យសម្រាប់អាណត្តិនេះមិនមែនដោយសារតែសម្តេចម្នាក់ឯងនោះ តែគឺបានមកពីការរួបរួមគ្នា របស់សមាជិក របស់គណបក្សប្រជាជនទាំងមូល។ សម្តេចតេជោ ហ៊ុន សែន អះអាងយ៉ាងដូចនេះថា បើគណបក្សប្រជាជនឈ្នះ ហើយ បែរជាត្រូវបោះបង់រដ្ឋមន្ត្រីមួយចំនួនចោល គឺជារឿងអគុណធម៌បំផុត។ ដែលសម្តេចមិនត្រូវការឈ្នះសមរភូមិតែមួយ សមរភូមិ នោះទេ តែត្រូវតែឈ្នះគ្រប់សង្គ្រាម តាមរយៈនយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា នយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មីនេះហើយ ទើបធ្វើឲ្យមនុស្សដែលចូលមកនៅជាមួយសម្តេចហើយ គឺមិនងាយចេញទៅវិញនោះទេ តែបើនៅជាមួយសម្តេចមិនកើតហើយ ទៅណាក៏មិនកើតដែរ។។ប៉ុន្តែសម្តេចតេជោ ហ៊ុន សែនបញ្ជាក់បន្តថា ការរក្សារដ្ឋមន្ត្រីចាស់ ហើយដាក់ក្មេងចូលមក ធ្វើការជាមួយ គឺជារឿងចាំបាច់ណាស់។

សូមជម្រាបថា សមាជិករាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា រួមមាន៖នាយករដ្ឋមន្ត្រីមួយរូប ឧបនាយករដ្ឋមន្ត្រី១០រូប , ទេសរដ្ឋមន្ត្រី១៧រូប និងរដ្ឋមន្ត្រីនៃទីស្តីការគណរដ្ឋមន្ត្រី ,ក្រសួងនិងរដ្ឋលេខាធិការដ្ឋានសរុបចំនួន ២៩ស្ថាប័ន។


សមាសភាពនៃរាជរដ្ឋាភិបាលអាណត្តិ៦នេះ ចំនួនឧបនាយករដ្ឋមន្ត្រីកើនឡើង១រូប ,ទេសរដ្ឋមន្ត្រីកើនឡើង២រូប បើធៀបនឹង អាណត្តិទី៥ ខណៈដែល រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងទាំង២៦ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៏ស៊ីវិល គឺនៅដដែលទាំងអស់។ សមាសភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៦នេះ គេសង្កេតឃើញថា រដ្ឋមន្ត្រីចំនួន៣រូប ទទួលបានងារជា ឧបនាយករដ្ឋមន្ត្រី បន្ថែមពីលើក្រសួងដែលខ្លួនគ្រប់គ្រង ដែលរួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ,ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុនីរ័ត្ន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។


ក្រៅពីសមាជិករាជរដ្ឋាភិបាលខាងលើ រាជរដ្ឋាភិបាលថ្មីបានតែងតាំង រដ្ឋលេខាធិការសរុប២៤១នាក់ និងអនុរដ្ឋលេខាធិការ ជាច្រើនរូប រួមជាមួយផ្តល់ឋានៈស្មើទេសរដ្ឋមន្រ្តីនិងរដ្ឋមន្ត្រីដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទាំង៣០រូប៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation