ផ្លូវលំប្រវែងជាង៥០គីឡូម៉ែត្រ ពីដុងក្រឡ ចូលស្រុកសៀមប៉ាង រងការខូចខាតទាំងស្រុង
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖​ ផ្លូវក្រួសក្រហមមួយខ្សែ ចាប់ពីចំណុចដុងក្រឡ ចូលទៅស្រុកសៀមប៉ាង មានប្រវែងជាង៥០គីឡូម៉ែត្រ ត្រូវបានរងការខូចខាតទាំងស្រុងហើយក្នុងរដូវវស្សាឆ្នាំនេះ។

ផ្លូវលំមួយខ្សែនេះ កាលពីខែប្រាំងឆ្នាំកន្លងទៅ មានលក្ខណ:ល្អប្រសើរ យានយន្តតូចធំគ្រប់ប្រភេទអាចធ្វើទៅមកបានជាធម្មតា អាចចំណេញទាំងថវិកា និងពេលវេលាថែមទៀត ប៉ុន្តែពេលដែលរដូវវស្សាចូលមកដល់ ហើយថែមទាំងមានទឹកជំនន់ផងនោះ ផ្លូវនេះបានរងនូវការខូចខាតទាំងស្រុងតែម្តង ពិបាកធ្វើដំណើរចេញចូល ផ្លូវដាច់ជាច្រើនកន្លែង ធ្វើឲ្យរថយន្តជាប់ផុង និងភក់បែកវល់ពេញតាមដងផ្លូវ។

លោក ផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យផ្លូវនេះខូចមានពីរយ៉ាង ទី១-ភ្លៀងធ្លាក់ជោកជាំធ្វើឲ្យទឹកលិចផ្លូវ និងកន្លែងខ្លះទឹកដក់នៅលើផ្លូវនិង ក្នុងពេលដែលផ្លូវកំពុងលិចទឹក និងមូលហេតុទី២គឺដោយសារមានរថយន្តតូចធំបើកជារៀងរាល់ថ្ងៃ ក្នុងពេលដែលផ្លូវកំពុងលិចទឹក។

លោកអភិបាលស្រុកបន្តថា ផ្លូវនេះជាគម្រោងសាងសង់ដោយរាជរដ្ឋាភិបាល ដូចនេះថ្នាក់ស្រុកពុំមានថវិកាដើម្បីសាងសង់ទេ ហើយគណៈកម្មាធិការស្រុកក៏បានរាយការណ៍ ជូនមកកាន់រដ្ឋបាលសាលាខេត្តស្ទឹងត្រែងហើយដែរ។

លោកអភិបាលស្រុកបន្តថា សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើផ្លូវមួយនេះ មេត្តាធ្វើដំណើរដោយអត់ធ្មត់ និងមានការយោគយល់ ព្រោះថាអាជ្ញាធរបានគិតគូរហើយលើបញ្ហាផ្លូវនេះ ព្រោះថាទឹកភ្លៀងក៏មិនទាន់ស្រុកចុះអស់ ដីក៏មិនទាន់ស្ងួត។ ដូច្នេះផ្លូវនេះអាចនឹងកសាងសាជាថ្មីឡើងវិញ នៅពេលដ៏ខ្លីខាងមុខនេះ ពេលទឹកស្រកចុះអស់៕ (អត្ថបទ៖ម៉ាក់ មេត្តា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation