ព្រះមហាក្សត្រខ្មែរ ៖ «ដើម្បីសុខដុមនៃសង្គមជាតិកម្ពុជា ប្រជាជាតិខ្មែរត្រូវមានឯកភាពនិងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិនិងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង»
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានស្តេចយាង ជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ការបើកសម័យប្រជុំលើកដំបូង នីតិកាលថ្មី នៃរដ្ឋសភា។
តាមរយៈព្រះរាជសុន្ទរកថា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦ ព្រះករុណា ព្រះមហាក្សត្រ បានព្រះរាជ បន្ទូលថា « ដើម្បីសុខដុមនៃសង្គមជាតិកម្ពុជា ប្រជាជាតិកម្ពុជាត្រូវមានឯកភាពនិងសាមគ្គីភាពជាតិខ្ពស់ដោយឈរលើស្មារតី បង្រួបបង្រួមជាតិនិងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គីមេត្តា ករុណា មុទិតានិងឧបេក្ខា »។

អង្គព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលថា ពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតីកាលទី៦ ប្រារព្ធធ្វើស្របទៅតាមកាល កំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨កន្លងទៅនេះ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះមហាក្សត្រ ទ្រង់បានសម្តែងនូវក្តីសោមនស្សរីករាយចូលរួមអបអរសាទរពិធីបើកសម័យ ប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៦និងសម្តែងនូវអំណរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតកន្លងទៅនេះ។

ព្រះមហាក្សត្រទ្រង់មានបន្ទូលបន្តថា រដ្ឋសភាកម្ពុជាបានចាប់បដិសន្ធិជាថ្មីឆ្នាំ១៩៩៣ មកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំ ហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិនិងការបែងចែកទឹកដី ទៅជាប្រទេសមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យនិងអភិវឌ្ឍគ្រប់វិស័យ ដែលពលរដ្ឋរស់នៅប្រកបដោយក្តីសង្ឃឹមនិងសុខក្សេមក្សាន្ត។

អង្គព្រះមហាក្សត្រ រំលឹកដល់សមាជិកសភាថា រដ្ឋសភាដែលជាអង្គភាពមានអំណាចនីតិបញ្ញាតិនឹងបន្តបំពេញភារកិច្ចរបស់ ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ដើម្បីបន្តតួនាទីក្នុងការបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំនិងជឿនលឿន ដោយផ្នែកលើច្បាប់ ធានាការអនុវត្តន៍ច្បាប់ដោយស្មើរភាពសម្រាប់ ប្រជាពលរដ្ឋគ្រប់រូបនិងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។

ព្រះមហាក្សត្រមានបន្ទូលបញ្ជាក់ថា តំណាងរាស្ត្រសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងបន្ថែម ទៀតជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងមានការងារធ្វើសមរម្យទៅតាមកម្លាំង សមត្ថភាពនិងកំរិតវិជ្ជារបស់ខ្លួន។

អង្គព្រះមហាក្សត្រចាត់ទុកថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តគឺជាឧបករណ៏គតិយុត្តិសម្រាប់រាជរដ្ឋាភិបាល អនុវត្តនិង លើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសយើងមានក្របខណ្ឌ័ច្បាប់គ្រប់គ្រាន់និងល្អ ស្របតាមការវិវឌ្ឍន៍រីកចម្រើននៃសង្គមជាតិ ។
ដោយព្រះមហាក្សត្របង្ហាញទឹកព្រះទ័យដោយជំនឿជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីដែលនឹងទទួល ការទុកចិត្តពីរដ្ឋសភានឹងបំពេញភារកិច្ចតាមគោលនយោបាយបន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាព ប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រពន្ធ័ការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូបនិងការអភិរក្សនិងអភិវឌ្ឍន៍ វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាញជាតិ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើក កម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ ហើយដើម្បីសម្រេចបានភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមាន ឯកភាពនិងសាមគ្គីភាពជាតិខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិនិងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គីមេត្តា ករុណា មុទិតានិងឧបេក្ខា ។

ជាកិច្ចចុងក្រោយនៃព្រះរាជសុន្ទរកថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរដល់រដ្ឋសភានីតិកាលទី៦ មានដំណើការល្អនិងអនុវត្តតួនាទីរបស់ខ្លួនប្រកប ដោយមនសិការទទួលខុសត្រូវ ដើម្បីជោគជ័យថ្មីៗជាឧត្តមប្រយោជន៍រួម ជូនជាតិមាតុភូមិនិងប្រជាជាតិកម្ពុជាទាំងមូល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation