សម្តេចតេជោ ហ៊ុន សែន និងប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ ជួបពិភាក្សាគ្នាលើលើវិស័យជាច្រើនដើម្បីបង្កើនកិច្ចសហការនិងពង្រឹងទំនាក់ទំនង
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៨​ ខែឧសភានេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ឈុយ សៃអន (Chui Sai On) ប្រធានប្រតិបត្តិរដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម ឈុយ បានជម្រាបជូនសម្តេចតេជោថា តំបន់រដ្ឋបាលពិសេសម៉ាកាវ បានទទួលការអនុញ្ញាតពីរដ្ឋបាលថ្នាក់កណ្តាល ដើម្បីបង្កើតតំបន់ទេសចរណ៍ និងអនុវត្តតាមគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ក្នុងន័យនេះ ឯកឧត្តម បានជម្រុញ និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹង ប្រទេសដទៃទៀត។ ដោយឡែកជាមួយប្រទេសកម្ពុជា តំបន់រដ្ឋបាលពិសេសម៉ាកាវ បានចុះហត្ថលេខា លើអនុស្សារណៈ ចងសម្ព័ន្ធមេត្រីភាព ជាមួយនឹងទីក្រុងសៀមរាប របស់កម្ពុជា កាលពីឆ្នាំ២០១៧ ហើយបានចុះអនុស្សារណៈ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាផងដែរ កាលពីថ្ងៃទី៧ ខែឧសភាម្សិលមិញនេះ ជាមួយនឹងក្រសួងការបរទេស។ឯកឧត្តម ឈុយ បានជម្រាបជូន សម្តេចតេជោ ផងដែរថា​ នៅពេលនេះ ទំនាក់ទំនងរវាង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងកម្ពុជា កំពុងតែមានទំនាក់ទំនងល្អ ហើយចំនួនភ្ញៀវទេសចរ មកកាន់កម្ពុជា ក៏មានការកើនឡើងផងដែរ។ ក្នុងន័យនេះ ឯកឧត្តម បានគោរពសុំអនុសាសន៍ ពីសម្តេចតេជោបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ជម្រុញការពង្រឹង និងពង្រីកកិច្ចសហប្របត្តិការ រវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ឲ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខាលើអនុស្សារណៈ ចងសម្ព័ន្ធមេត្រីភាព ជាមួយទីក្រុងសៀមរាប និងក្រសួងការបរទេស របស់កម្ពុជាកន្លងមកនេះ។ សម្តេចបានមានប្រសាសន៍ថា នេះគឺជាការល្អណាស់ ដែលរដ្ឋបាលថ្នាក់កណ្តាលប្រទេសចិន បានសម្រេចឲ្យ តំបន់រដ្ឋបាលពិសេសម៉ាកាវ បង្កើតមជ្ឈមណ្ឌលទេសចរណ៍ផង ហើយអនុវត្តតាមគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយ។
សម្តេចបានបន្ថែមថា តំបន់រដ្ឋបាលពិសេសម៉ាកាវ អាចជាតំបន់ទេសចរណ៍ដ៏ធំមួយ ហើយនេះគឺជាចំណុច ដែលយើងអាចជម្រុញ ពង្រីក កិច្ចសហប្រតិបត្តិការ រវាងតំបន់រដ្ឋបាលពិសេសម៉ាកាវ និងកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា​ កាលពីឆ្នាំ២០១៥ សម្តេចបានធ្វើដំណើរទស្សនៈកិច្ច ទៅកាន់ម៉ាកាវ ប៉ុន្តែពេលនោះ មិនទាន់មានការហោះហើរត្រង់នោះទេ ប៉ុន្តែពេលនេះ មានការហោះហើរត្រង់ហើយ គឺពីម៉ាកាវ មកកាន់ទីក្រុងសៀមរាប, ភ្នំពេញ និងខេត្តព្រះសីហនុ។ សម្តេចបន្តថា ការហោះហើរត្រង់នេះ មិនត្រឹមតែនាំភ្ញៀវទេសចរម៉ាកាវ មកកាន់កម្ពុជានោះទេ ប៉ុន្តែក៏នាំភ្ញៀវទេសចរកម្ពុជា ទៅកាន់ម៉ាកាវដែរ។

លើសពីនេះទៅទៀត សម្តេចបានស្នើសុំឲ្យ ឯកឧត្តម ឈុយ ពិនិត្យមើលលើអ្វី ដែលតំបន់រដ្ឋបាលពិសេសម៉ាកាវ ចូលរួមចំណែក ក្នុងការអភិវឌ្ឍកម្ពុជាយើង ដូចជា ទាក់ទាញការវិនិយោគ, បង្កើនចំនួនភ្ញៀវទេសចរម៉ាកាវ មកកាន់កម្ពុជា ព្រោះថានៅម៉ាកាវ​ មានភ្ញៀវទេសចរល្អៗច្រើន ហើយសុទ្ធតែភ្ញៀវទេសចរ ដែលមានគុណភាពថែមទៀតផង ហើយភ្ញៀវទេសចរទាំងនោះ តម្រូវនូវម្ហូបអាហារ ដែលមានគុណភាពដែរ។ សម្តេចបានផ្តួចផ្តើមគំនិត ឲ្យឯកឧត្តម ឈុយ ពិនិត្យពិចារណាមើល ក្នុងការទិញអង្ករល្អពីកម្ពុជា ទៅកាន់ម៉ាកាវ ដើម្បីផ្តល់ឲ្យភ្ញៀវទេសចរដ៏ល្អៗនៅទីនោះ ព្រោះអង្ករកម្ពុជាបានជាប់លេខ១ជាច្រើនឆ្នាំ។
ពីនោះទៅទៀត សម្តេចតេជោ ក៏បានឯកឧត្តម ឈុយ ពិនិត្យមើល កិច្ចសហប្របត្តិការ លើការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសលើវិស័យទេសចរណ៍ និងវិស័យសេវាកម្មនេះតែម្តង។

ជាការឆ្លើយតប ឯកឧត្តម ឈុយ បានយល់ស្របជាមួយនឹង ការលើកឡើងរបស់សម្តេច ហើយនឹងពិនិត្យមើល ឲ្យអស់ពីលទ្ធភាព ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ លើវិស័យដែលបានលើកឡើង របស់សម្តេចតេជោនេះ៕

អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation