សៀមរាប៖យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨នេះ មានភ្ញៀវទេសចរប្រមាណជាង ១,៧៤លាននាក់ បានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ កើនឡើង ៨,៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់ចំណូលបានពីការលក់បណ្ណវិញ នៅរយៈពេល ៨ខែមកនេះ គ្រឹះស្ថានអង្គរដែលជាស្ថាប័នរដ្ឋ ប្រមូលចំណូលពីការលក់បណ្ណចូលទស្សនាអង្គរ ទទួលបានចំណូលចំនួន ៧៨,៧៧លានដុល្លារ កើនឡើង ១៣,៧៩ភាគរយ។
ដោយឡែកសម្រាប់តែសីហា មានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ ទិញបណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូលជាង ៩លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ មានភ្ញៀទេសចរចំនួនជិត ២,៥លាននាក់ទិញបណ្ណចូលទស្សនាតំបន់អង្គរ ដោយទទួលបានចំណូលជិត ១០៨លានដុល្លារ។ ក្នុងនោះថវិកាជាង ៤លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារ៕(អត្ថបទ៖សៀម ប៊ុនធី )