បណ្តាខេត្តក្រុងមួយចំនួននៅតែប្រឈមជាមួយនឹងបញ្ហាជំនន់ទឹកភ្លៀងរហូតដល់ថ្ងៃទី១១ ឧសភា
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨នេះ បរិមាណទឹកភ្លៀងនៅតែបន្តធ្លាក់ ធ្វើឱ្យជន់លិចវាលទំនាបមួយចំនួន នៅតាមបណ្តាខេត្តក្រុងនានា ជាពិសេសខេត្តជាប់នឹងព្រំដែនថៃអាចប្រឈមនឹងជំនន់ទឹកភ្លៀងភ្លាមៗ បើសិនជាមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្លាំង ខណៈដែលមានខេត្ត៣ ដូចជា ខេត្តកំពង់ចាម ព្រៃវែង និងខេត្តក្រចេះមានបរិមាណ ទឹកភ្លៀងធ្លាក់ខ្លាំងជាងគេ។

តាមការបញ្ជាក់របស់ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងថា បន្ទាប់ពីរដូវវស្សាបានចូលដល់ពេញលេញកាលពីថ្ងៃទី ០៥ ខែឧសភានោះ ការព្យាករណ៏គឺភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតច្រើនក្នុងក្របខណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី ១១ ខែឧសភា ដែលធ្វើឱ្យបណ្តាខេត្តក្រុងមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង ជាពិសេសតំបន់ទំនាបកណ្តាល។ ជាមួយនេះ ក្រសួងធនធាន ទឹកនិងឧតុនិយមបានបញ្ជាក់ថា កម្ពស់ទឹកទន្លេបាសាក់-ចតុមុខ ឆ្នាំនេះនឹងហក់ឡើងខ្ពស់ជាងរាល់ឆ្នាំដែលអាច ចាត់ទុកជាទឹក ជំនន់ធំ។

ស្របគ្នានឹងបញ្ហាអាកាសធាតុនេះ សម្តេចតេជោហ៊ុនសែន នាព្រឹកមិញនេះ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ទន្លេគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភាព ធម្មជាតិដូចជា គ្រោះទឹកជំនន់ ដែលអាចកើតមានឡើងដោយយថាហេតុណាមួយ។ ជាមួយគ្នានេះ សម្តេចតេជោហ៊ុនសែន បានបញ្ជាឱ្យអាជ្ញាធរ ពាក់ព័ន្ឋទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា ត្រូវត្រៀមបម្រុង និងត្រៀមលក្ខណៈ ដោះស្រាយនៅពេលមានគ្រោះមហន្តរាយណាមួយកើតមានឡើង៕


អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation