(ភ្នំពេញ)៖ ប្រតិភូនិងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី នឹងមកដល់មាតុភូមិ នាវេលាម៉ោង ៥:៣៥នាទីល្ងាច ថ្ងៃទី០៣ ខែកញ្ញានេះ ខណៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀម ទទួលស្វាគមន៍ និងជួបសំណេះសំណាលភ្លាមៗ នៅវិមានសន្ដិភាព ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី កម្ពុជា ដែលបានខិតខំដណ្ដើមជោគជ័យជា ប្រវត្តិសាស្ដ្រជូនជាតិ ពីព្រឹត្តិការណ៍កីឡាដ៏ធំនេះ។
ដំណើរនិវត្តន៍អមដោយសមិទ្ធិផល បំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍យ៉ាងពិសេស តាម អនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ដោយមានក្បួនដង្ហែររថយន្ដ អមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់ មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព និងចូលជួបសម្ដែងការគួរសម្យ ជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ ។
ជាមួយនឹងការវិលត្រឡប់ជាមួយជោគជ័យដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋ រស់នៅតាម មហាវិថីសហព័ន្ធរុស្ស៊ី និងអ្នកធ្វើដំណើរ សូមត្រៀមចូលរួមអបអរសាទរឲ្យបានច្រើនកុះករនូវក្បួនដង្ហែរខាងលើ ដើម្បីជាការ លើកទឹកចិត្ត ចំពោះការខិតខំប្រឹ ងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា រហូតដណ្ដើមបានមេដាយមាស ២ និងសំរឹទ្ធ ១ ជូនជាតិ ដែលជាសមិទ្ធិផល ជាប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ បន្ទាប់ពីបាន ចូលរួមក្នុ ងព្រឹត្តិការណ៍នេះ បើគិតតាំងពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ២០១៨។
សូមជំរាបថា កីឡា Asian Games លើកទី១៨ បានប្រារព្ធធ្វើនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ដែលកម្ពុជាមានកីឡាចំនួន ១៣ប្រភេទចូលរួមប្រកួត ដែលមានដូចជាកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង ក្នុងនោះកម្ពុជារកបានមេដៃចំនួន ៣ គឺកីឡា ជឺជិតស៊ូ បានមេដៃមាសមួយគ្រឿង ដោយកញ្ញាខាន់ ចេសា និងកីឡាម៉ូតូទឹក បានមេដៃមាសមួយគ្រឿងនិងសំរិទ្ធមួយគ្រឿង ដោយកីឡាករសាលី អ៊ូមើត៕