អាជ្ញាធរខេត្តរតនគិរី ប្រាប់ដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ អោយថែរក្សាសុខភាព និងអនាម័យ
| ព័ត៌មានជាតិ
SHARE

រតនគិរី : ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្រតនគិរី បានប្រាប់ដល់ពលរដ្ឋក្នុងស្រុកវើនសៃ ដែលរងគ្រោះដោយទឹកជំនន់ជន់លិចលំនៅដ្ឋាន និងស្រែចំការ អោយយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពជាចម្បង បន្ទាប់ពីទឹកស្រកវិញហើយ ។


ការលើកឡើងដូចនេះរបស់ ឯកឧត្តម អភិបាលខេត្តក្នុងឱកាសដែលឯកឧត្តម រួមទាំងមន្រ្តីពាក់ពាក់ យកអំណោយផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទាំង ៣២ គ្រួសារ ដែលមកពី ល្មើយ ក្នុងឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី នារសៀលថ្ងៃទី១ ខែកញ្ញានេះ ។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានបញ្ជាក់ថា បើទោះបីជាទឹកជំនន់បានស្រកចុះក៏ពិតមែន ប៉ុន្តែតំបន់ដែលរងការជន់លិចដោយសារទឹកជំនន់ហើយ គឺងាយណាស់ក្នុងការឆ្លងនូវមេរោគត្បាតផ្សេងៗ ដូច្នេះសូមអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ដោយត្រូវធ្វើអនាម័យខ្លួនអោយបានជាប់ជាប្រចាំ រួមទាំងការហូបស្អាត និងផឹកស្អាត ។


ឆ្លៀតនៅពេលនោះផង ដែរ ឯកឧត្ដមក៍បានដឹកនាំក្រុមការងារចុះទៅពិនិត្យសន្ទូងរបស់ប្រជាពលរដ្ឋដែលត្រូវលិចលង់ដោយសាទឹកជំនន់នៅក្បែរភូមិផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងជារៀងរាល់ថ្ងៃ គ្របដណ្តប់ក្នុងភូមិសាស្ត្រទូទាំងខេត្ត ដែលមានរយៈពេលជិត ៣ខែកន្លងមក ចាប់ពីដើមខែមិថុនា រហូតដល់ខែសីហា ឆ្នាំ២០១៨ បច្ចុប្បន្ននេះ រួមទាំងការបើកទំនប់វ៉ារីអគ្គសនីនៅផ្នែកខាងលើរបស់ប្រទេសវៀតណាម ដែលបណ្តាលអោយទឹកទន្លេស្រែពក និងទឹកទន្លេសេសាន ហក់ឡើងនូវកម្រិតទឹកយ៉ាងខ្លាំង ដោយបានធ្វើអោយលិចលង់ដល់ភូមិដ្ឋាន និងផ្ទៃដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ ក្នុងនោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់នាពេលទឹកជន់លិចនោះ មាននៅក្នុងស្រុកចំនួន ៣ ក្នុងនោះប៉ះពាល់ដល់ភូមិចំនួន ៥១ ក្នុងឃុំចំនួន ១៤ ដែលមានចំនួនប្រជាពលរដ្ឋសរុប ១.៨៣០ គ្រួសារ ស្មើនឹង ៩.៩៥៩ នាក់ ក្នុងនោះស្រី ៤.៤៨៣ នាក់ ពុំមានរងគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែក្នុងអំឡុងពេលទឹកជន់លិចនាពេលនោះ មានករណីក្មេងលង់ទឹកស្លាប់ ក្នុងអូរក្រោយផ្ទះ ១ករណីផងដែរ ៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation