មូលនិធិគន្ធបុប្ផាកម្ពុជា៖ ការចូលរួមវិភាគទានសប្បុរធម៌ជាមួយមូលនិធិ គឺជាការរួមគ្នានាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងនៃកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែ សីហានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានស្វាគមន៍ និងទទួលសប្បុរសជនពីរក្រុម ដែលបាន អញ្ជើញមកបរិច្ចាគថវិកាជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។


មូលនិធិគន្ធបុប្ផាកម្ពុជា បញ្ជាក់ឱ្យដឹងថា ក្រុមទី១ដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ុក សារឹម តំណាងអគ្គបញ្ជាការដ្ឋាន ទីចាត់ការហ្វឹកហ្វឺន និងក្រុមទី២ ដឹកនាំដោយ លោក ម៉ៅ សាកល តំណាងអតីតនិស្សិតមហាវិទ្យាល័យពាណិជ្ជសាស្ត្រជំនាន់ ទី១០ ព្រមទាំងមិត្តភ័ក្ត្រ ដែលការប្រគល់ និងទទួលថវិកាបរិច្ចាគទាំងពីរនេះ ត្រូវបានធ្វើឡើងរវាងតំណាងក្រុមសប្បុរសជន នីមួយៗ និងតំណាងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញផងដែរ។


មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថា ការចូលរួមថ្ងៃនេះ សបញ្ជាក់ពីការរួមចំណែកឆ្លើយតបទៅនឹងប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់ការណែនាំ ដ៍ខ្ពង់ខ្ពស់ថា “បើម្នាក់ចូលរួម ៥,០០០ រៀលក្នុងមួយខែ ហើយយើងរួបរួមគ្នាបានដល់ចំនួន ២,០០០,០០០ នាក់នោះ យើងនឹងអាចជួយរក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផាបានយ៉ាងប្រសើរ ”។
ក្នុងឱកាសនោះ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៊ុក សារឹម ព្រមទាំងសហការី និងលោក ម៉ៅ សាកល តំណាងអតីតនិស្សិតមហាវិទ្យាល័យពាណិជ្ជសាស្ត្រជំនាន់ទី១០ និងមិត្តភ័ក្ត្រ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធនធានថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយ “មូលនិធិគន្ធបុប្ផាកម្ពុជា ”។

សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបផងដែរថា “មូលនិធិគន្ធបុប្ផាកម្ពុជា” ត្រូវបានបង្កើតឡើងក្រោមទម្រង់ ជាបរធនបាលកិច្ច នៅក្រោមពាក្យស្លោក “ ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ” ក្នុងគោលបំណង ដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ពីគ្រប់ប្រភពស្របច្បាប់នានា សម្រាប់គោលដៅនៃការ ធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជានឹងបន្ដទទួលបានការធានា នូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ។


ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដោយបន្តលើកទឹកចិត្ត សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ្ញ៉ា លោកឧកញ្ញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញា ចូលរួមវិភាគទានសប្បុរធម៌ឱ្យបានកាន់តែច្រើនបន្ថែមទៀត ក្នុងគោលដៅរួមគឺដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជាដែលជាអនាគតដ៏ភ្លឺស្វាងនៃកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា និងធនគារឯកទេសវីង បានអនុស្សារណៈនៃការ យោគយល់គ្នាស្តីពី ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដោយកិច្ចសហការនេះ ផ្តល់ភាពងាយស្រួលដល់អ្នកដែល ចង់ចូលរួមបរិច្ចាគវិភាគទានរបស់ខ្លួន ជាមួយធនាគារឯកទេសវីងនិងភ្នាក់ងារវីងទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា ហើយសម្រាប់សប្បុរសជនដែលមានបំណងផ្ដល់ការបរិច្ចាគជាសាច់ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា អាចផ្ញើរទៅកាន់ លេខគណនី 5558 សម្រាប់ប្រាក់ដុល្លារ ឫលេខគណនី 5559 សម្រាបប្រាក់រៀល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation