ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ នឹងប្រកាសពីការសម្រេចចិត្តចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ

image

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសរនៅលើគណនីធ្វីតធ័រ (Twitter) របស់លោកកាលពីថ្ងៃច័ន្ទថា លោកនឹងប្រកាសអំពីការសម្រេចចិត្តរបស់លោកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់នៅម៉ោង២រសៀលថ្ងៃអង្គារនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។

សូមរំលឹកថា លោក ត្រាំ បានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ លុះត្រាតែបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបដែលជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងធ្វើការកែប្រែចំពោះអ្វីដែលលោកហៅថាជាការមិនបំពេញតាមបទដ្ឋានត្រឹមត្រូវ។


កិច្ចព្រមព្រៀងឆ្នាំ២០១៥នោះបានបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ដើម្បីជាថ្នូរនឹងការកាត់បន្ថយកម្មវិធីថាមពលនុយក្លេអ៊ែររបស់គេ។
កាលពីដំបូង លោក ត្រាំ បានកំណត់យកថ្ងៃទី១២ ខែឧសភា ជាថ្ងៃឱសានវាទដើម្បីសម្រេចថាតើអាមេរិកនឹងត្រូវបន្ត ឬចាកចេញពីកិច្ចព្រមព្រៀងដែលត្រូវបានលោករិះគន់ជាយូរមកហើយនោះ ប៉ុន្តែលោកបានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនដែលមិនឲ្យលោកចាកចេញ៕