ព័ត៌មានជាតិ

រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិចិន ថ្លែងចំពោះមុខសម្តេចតេជោ ថា កម្ពុជាគឺជាមិត្តចាស់ និងមិត្តល្អ ហើយចិន នឹងនៅតែបន្តជួយលើអ្វី ដែលជាសេចក្តីត្រូវការរបស់កម្ពុជា

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ បានអនុញ្ញាតឲ្យ ឯកឧត្តម សុង ថាវ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

តាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ​ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយជំនួបថា ក្នុងជំនួបនេះ ឯកឧត្តម សុង ថាវ បានជម្រាបជូន សម្តេចតេជោអំពីដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកាន់កម្ពុជាពេលនេះ គឺនាំសាររបស់ ឯកឧត្តមប្រធានាធិបតី ស៊ីជីនពីង ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសម្ដែងនូវការអបអរសាទរផ្ទាល់ ចំពោះជោគជ័យ ដែលកម្ពុជា ទទួលបានពីការបោះឆ្នោតថ្មីៗ កន្លងមកនេះ។

ក្នុងនាមរាជរដ្ឋាភិបាលចិន, ឯកឧត្តមបានសំដែងការគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រ ចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាជន រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀត ក៏ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត។

ឯកឧត្តមបានឲ្យដឹងផងដែរថា កម្ពុជាគឺជាមិត្តចាស់ មិត្តល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយប្រទេសចិន។ ឯកឧត្តម​
បានបន្តថា កន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយ ក៏ទំនាក់ទំនងនេះ នៅតែបន្តយ៉ាងរឹងមាំ ហើយដោយគ្មានការផ្លាស់ប្ដូរឡើយ។ ជាមួយនឹងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជា-ចិន ក៏បានកើតឡើងយ៉ាងឆាប់រហ័សផងដែរ។ ពីនោះ មានកិច្ចសន្យា​ ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើន ដែលបានចុះហត្ថលេខា ដែលកិច្ចព្រមព្រៀងនោះ បានផ្ដល់សំខាន់ទៅលើកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់។

ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីជំរុញការអនុវត្ត រាល់កិច្ចព្រមព្រៀងទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ រវាងសម្ដេចតេជោនិងប្រធានាធិបតី ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនោះ អនុវត្តសម្រេចបានលទ្ធផល។

ឯកឧត្តម ក៏បានគូសបញ្ជាក់ ចំពោះមុខសម្តេចដែរថា ភាគីចិន នឹងនៅតែបន្តជួយលើអ្វី ដែលជាសេចក្តីត្រូវការរបស់កម្ពុជា។
សម្ដេចតេជោ បានបំពាក់មេដាយគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនឯកឧត្តម សុង ហើយក៏បានអរគុណចំពោះសារ ដែលឯកឧត្តមសុង បានពាំនាំពី ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីន ហើយក៏បានធ្វើបទឧទ្ទេសនាម ជូនឯកឧត្តមសុង នូវកំណែទម្រង់របស់កម្ពុជាផង ដំណើរការបោះឆ្នោតកន្លងមកផង ក៏ដូចជាប្រវត្តិនៃលទ្ធផលការបោះឆ្នោតនៅកម្ពុជា និងនៅប្រទេសជិតខាងផងដែរ។

ជាមួយនោះដែរ សម្តេចតេជោក៏បានជម្រាបជូន ឯកឧត្តមសុង អំពីស្ថានភាពទូទៅរបស់កម្ពុជា។ សម្តេច ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ប្រជាជនចិន ដែលកន្លងមកតែងតែបានជួយដល់កម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ដល់កម្ពុជា។

សូមបញ្ជាក់ថា ការបំពាក់គ្រឿងឥស្សរយសនេះ គឺដើម្បីលើកទឹកចិត្ត ជូនឯកឧត្តមសុង ដោយសារឯកឧត្តម គឺជាមន្ត្រីជាន់ខ្ពស់មួយរូប ដែលកន្លងមក តែងបានរួមចំណែក ក្នុងការធ្វើទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងចិន ហើយការបំពាក់មេដាយនេះ មិនមែនផ្តល់ជូនឯកឧត្តមសុងម្នាក់នេះនោះទេ ប៉ុន្តែក៏ធ្លាប់បានផ្ដល់ជូនឥស្សរជន ល្បីៗជាច្រើន ដែលជាការលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃការផ្តល់ជូននូវគ្រឿងឥស្សរិយយស៕​ អត្ថបទ ៖ សន ពិសិដ្ឋ