មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីជំរុញឲ្យយុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ មានប្រសាសន៍ថ្លែងនៅក្នុងវេទិកានារីរតនៈ​ ក្រោមប្រធានបទ “យុវជនរួមគ្នាកាត់បន្ថយអំពើហិង្សា ” នៅ សកលវិទ្យាល័យUMEខេត្តក្រចេះនាព្រឹកលោកជំទាវ ប៊ុន ពុទ្ធី អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានស្នើឱ្យយុវជនត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា និងទប់ស្កាត់អំពើឧបាយមុខផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ ជាពិសេសរួមគ្នាទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងត្រូវប្រកាន់ភ្ជាប់នូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ក្រមសីលធម៌ របស់ដូនតាខ្មែរដែលមានតាំងពីបុរាណកាលមក ហើយត្រូវចាំថា សង្គមគ្រួសារនីមួយៗ គឺជាកោសិការនៃការអភិវឌ្ឍន៍សង្គមជាតិ ដូច្នេះយើងទាំងអស់ត្រូវរួមគ្នាកសាងនិងថែរក្សាការពារនូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងគ្រួសាររបស់ខ្លួនឲ្យបានល្អ ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចម្រើន ក្រោមសន្តិភាព គ្មានអំពើហិង្សា។

អនុរដ្ឋលេខាធិការនៃក្រសួងកិច្ចការរូបនេះ បានមានប្រសាសន៍បន្តថា​ វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងរបស់យុវវ័យរួមគ្នាក្នុងការកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាក្នុងសង្គមកម្ពុជា ក៏ដូចជាក្នុងសង្គមគ្រួសារផងដែរ និងជាឱកាសមួយដែលយើងអាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងដើម្បីសង្គមយើងមានការអភិវឌ្ឍន៍ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះការបញ្ជ្របយេនឌ័រលើ វិស័យអប់រំយុវជន និងកីឡា គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់សង្គមជាតិយើង ព្រោះថាយុវជន គឺជាទំពាំងស្នងឬស្សីដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីផលប៉ះពាល់អំពើហិង្សា ប្រភពនៃការកើតឡើងនៃអំពើហិង្សា និងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ។ ហើយអំពើហិង្សា គឺជាជម្ងឺរាលត្បាតក្នុងសង្គម ដែលរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ពង្រឹងទប់ស្កាត់ និងថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ឲ្យមានស្ថេរិភាព ។

ក្នុងនោះដែរ លោកជំទាវប៊ន សុភី អភិបាលរងខេត្តក្រចះ បានមានប្រសាសន៍កោតសសើរដល់ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារីខេត្ត ដែលបានសហការជាមួយមន្ត្រីអប់រំបើកវេទិការយុវជននៅសកលវិទ្យាល័យពេលនេះ ដើម្បីអោយ សិស្សានុសិស្សនិងយុវជនបានយល់ដឹងពីដើមចមនៃអំពើហឹង្សា និង ផលបះពាល់ដែលកើតចេញពីអំពើហឹក្សា ស្របទៅនឹងសង្គមបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក្រមសីលធម៌ ចំណេះដឹង និងវិជ្ជាជីវៈជាស្ពានមួយដ៏មានតម្លៃសម្រាប់អោយយុវជនរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរខ្ពស់ និងត្រូវជៀសអោយឆ្ងាយពីអំពើហិង្សាក្នុងគ្រួសារ ល្បែងអបាយមុខ ឆក់ប្លន់ និងការប្រើប្រាស់គ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម៕(អត្ថបទ៖ នាង ចាន់ថា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation