ឥណ្ឌា អបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ដោយបានវាយតម្លៃថា លទ្ធផលនេះ គឺឆ្លុះបញ្ចាំងពីជំនឿចិត្ត របស់ប្រជាជន ជូនគណបក្សប្រជាជនកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែសីហានេះ ​បានអនុញ្ញាតឲ្យលោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតរបស់កម្ពុជា នាពេលកន្លងមក។ លោកជំទាវ បានមានប្រសាសន៍ថា ឥណ្ឌាបានបញ្ជូន អ្នកសង្កេតការណ៍បោះឆ្នោតជាច្រើននាក់ មកកាន់កម្ពុជា ហើយបានឃើញនូវដំណើរការបោះឆ្នោតមួយ ដែលមានភាពសេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា។

លោកជំទាវរដ្ឋមន្ត្រី បានសង្កេតឃើញផងដែរថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងផ្នែកទន់និងផ្នែករឹង។ ពីនោះទៅទៀត ក៏ទទួលបានជោគជ័យជាស្ថាពរ នូវក្នុងការសម្រេចគោលដៅសហវត្ស ក្នុងរយៈពេលដ៏ខ្លីបំផុត។ លទ្ធទាំងនេះ គឺឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងលទ្ធផល នៃការបោះឆ្នោត របស់ប្រជាជន ជូនគណបក្សប្រជាជនកម្ពុជា។

លោកជំទាវ ក៏បានជម្រាបជូនសម្តេច អំពីកិច្ចពិភាក្សាជាមួយនឹង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អំពីគម្រោងនៃការហោះហើរត្រង់ ពីឥណ្ឌាមកកាន់កម្ពុជា និងគម្រោងទទួលផលឆាប់រហ័សផងដែរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានអបអរសាទរ លទ្ធផលនៃការបោះឆ្នោតកម្ពុជា ហើយក៏បានជម្រាបជូនយ៉ាងសង្ខេប ពីដំណើរការបោះឆ្នោត និងប្រវត្តិ នៃការបោះឆ្នោតនៅកម្ពុជា។ សម្តេចក៏បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយដល់កម្ពុជាកន្លងមក តាមរយៈការផ្តល់ជំនួយ ជាពិសេស នៅពេលដែលកម្ពុជា ទើបតែរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុលពត ប្រទេសឥណ្ឌា គឺជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលទទួលស្គាល់កម្ពុជា ដំបូងគេបង្អស់។

សម្តេចតេជោ ក៏បានសម្តែងនូវការស្វាគមន៍ លើកិច្ចពិភាក្សារបស់លោកជំទាវ ជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការហោះហើរត្រង់ និងគម្រោងទទួលផលរហ័ស។ សម្តេចបានមានប្រសាសន៍ថា គម្រោងទទួលផលរហ័សនេះ គឺជួយដោះស្រាយត្រង់ ដល់ប្រជាជនកម្ពុជាតែម្តង ជាពិសេសនៅពេលដែលកម្ពុជា កំពុងមានគ្រោះទឹកជំនន់ ដូចពេលបច្ចុប្បន្ននេះ។ គម្រោងនេះ អាចជួយ ក្នុងការស្តារអណ្តូងទឹក, ការផ្តល់គ្រាប់ពូជ និងការជួសជុលសាលារៀន មន្ទីរពេទ្យជាដើម ដែលបានទទួលរងគ្រោះទឹកជំនន់នោះ៕ អត្ថបទ ៖​ សន ពិសិដ្ឋ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation