ឯកឧត្តម ញឹម វណ្ណដា ជំរុញដល់ភាគីពាក់ព័ន្ធត្រូវរួមគ្នារក្សាសុវត្ថិភាពនិងសង្គ្រោះពលរដ្ឋកំលុងពេលគ្រោះទឹកជំនន់នេះ
| ព័ត៌មានជាតិ
SHARE

ខេត្តក្រចេះ៖នៅរសៀលថ្ងៃទី២៨ សីហា ២០១៨ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធាន គណៈកម្មាធិការប្រតិបត្តិគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ ៧ខែ ដើមឆ្នាំ២០១៨ និងទិសដៅបន្ត របស់ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័ន អាជ្ញាធរក្រុង ស្រុកមេឃុំ ចៅសង្កាត់ ប្រមាណ៣០០ នាក់។


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍សងេ្ខបពីស្ថានភាពភូមិសាស្ត្រនិងការប្រឈមមួយចំនួនគឺខេត្តក្រចេះ ក៏មិនខុសពីបណ្តាខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជាដែរ ដែលបានទទួលរងនូវគ្រោះធម្មជាតិមានដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ បាក់ច្រាំងស្ទឹង អគ្គីសភ័យ លង់ទឹកស្លាប់ ជាដើម ដែលធ្វើអោយប៉ះពាល់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យសង្គមកិច្ច ទៀតផង​ ហើយជាក់ស្ដែងក្នុងឆ្នាំនេះខេត្តក្រចេះបានទទួលនិងកំពុងរងគ្រោះដោយសារជំនន់ទន្លេមេគង្គ។


ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា គ្រោះមហន្តរាយបែបនេះតែងកើតមានឡើងជារៀងរាល់ឆ្នាំ តែសំខាន់នៅត្រង់ថា ក្រុមការងារឆ្លើយតបនិងសង្គ្រោះបន្ទាន់ត្រូវតែធ្វើការងារឆ្លើយតបអោយបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដូចជាក្នុងករណីមានគ្រោះទឹកជំនន់ យើងត្រូវបញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ហើយត្រូវផ្គត់ផ្គង់ទាំងជម្រកស្នាក់ នៅបណ្តោះអាសន្ន ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគចំណីអាហារ រួមទាំងការថែទាំសុខភាពជូនពួកគាត់ជាដើម ព្រោះថាក្នុងកំឡុងពេលជួបគ្រោះទឹកជំនន់ គឺងាយរងគ្រោះពីជម្ងឺផ្សេងៗបំផុត មានដូចជាជម្ងឺរាគរុសជាដើម។


ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ក៏បានរំលឹកដល់អាណាព្យាបាលក៏ដូចជាអាជ្ញាធរ​ ត្រូវការពារក្មេងតូចៗកុំអោយលេងទឹក ព្រោះកន្លងមកមានករណីក្មេងលង់ទឹកស្លាប់ជាច្រើននាក់មកហើយ។


ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជំរុញដល់អាជ្ញាធរ ក៏ដូចជាដៃគូពាក់ព័ន្ធ អោយសហការគ្នាក្នុងការស្តារឡើងវិញនៅក្រោយគ្រោះមហន្តរាយនូវហេដ្ឋារេចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រជាដើម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណៈពង្រឹង សប្បុរសជន និងបណ្តាអង្គការដៃគូនានា ដែលតែងបានចុះជួយដល់ប្រជាពលរដ្ឋនៅក្នុងគ្រា ជួបគ្រោះមហន្តរាយជាពិសេស ទាំងរាជរដ្ឋាភិបាល ទាំងកាកបាទក្រហមកម្ពុជា គឺបានយកចិត្ត ទុកដាក់ជានិច្ចទៅលើពលរដ្ឋរងគ្រោះ តាមរយៈការសម្តែងនូវសមានចិត្តអាណិតអាសូរ ការចុះជួយ សង្គ្រោះបន្ទាន់ និងការផ្តល់នូវជម្រកស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព រួមទាំងការផ្តល់នូវ អាហារ និងការថែទាំសុខភាពជាដើម៕(អត្ថបទ៖នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation