ពលរដ្ឋ៩នាក់ស្លាប់និងជាង៣ម៉ឺនគ្រួសារនៅខេត្តព្រៃវែងបន្តរងផលប៉ះពាល់ដោយជំនន់ទន្លេមេគង្គដែលនៅតែបន្តកើនឡើង
| ព័ត៌មានជាតិ
SHARE

ព្រៃវែង ៖ ក្នុងគ្រាដែលទឹកទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តព្រៃវែងនៅតែបន្តកើនឡើង ក្រៅពីប៉ះពាល់ផលដំណាំផ្សេងៗរបស់ប្រជា ពលរដ្ឋចំនួន ១១ ស្រុកនោះ ជំនន់ទន្លេមេគង្គនេះបានបង្កគ្រោះថ្នាក់សម្លាប់ជីវិតមនុស្ស៩នាក់និងរបួស៨នាក់ហើយ គិតមកដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នេះ។ តាមការបញ្ជាក់ពីអាជ្ញាធរខេត្តព្រៃវែងជនរងគ្រោះដែលស្លាប់ទាំង៩នាក់នេះ មានកុមារា ៤ និងកុមារី ១នាក់ ។

បើតាមរបាយការរបស់រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា គ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងខេត្តនេះមានចំនួន ៣១,៨២៦ គ្រួសារ លិចស្រូវវស្សាចំនួន ២៣,៧៤៣ ហិកតា ហើយបង្ករឲ្យខូចខាតស្រូវសរុប ៨,២៤១ ហិកតា ខណៈដែលដំណាំផ្សេងៗ ១៧៤ ហិកតាក៏រងផលប៉ះពាល់ដែរ។ ក្រៅពីនេះទឹកជំនន់បានបង្កឲ្យផ្លូវក្រាលកៅស៊ូប្រវែង៣៥០ម៉ែត្រនៅក្នុងស្រុកពោធិ៍រៀង ត្រូវបានជន់លិចដែលធ្វើឲ្យផ្លូវនោះខូចខាតអស់ប្រវែង២០០ម៉ែត្រ ហើយជាមួយគ្នានោះ ផ្លូវលំប្រវែង២៥៩,១៣៨ ម៉ែត្រក៏បាន ជន់លិច និងខូចខាតប្រវែង ៦៥,៣៨៩ ម៉ែត្រ ។
របាយការខាងលើក៏បានបញ្ជាក់ឲ្យដឹងដែរថា ជំនន់ទន្លេមេគង្គនេះក៏បានបង្ករផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ពន្ធ័មួយចំនួនដូចជា ធ្វើឱ្យខូចខាតផ្ទះចំនួន៨ខ្នង, ជន់លិចសាលារៀន ៦៧ កន្លែង ដោយរងការខូចខាត១កន្លែង និងមណ្ឌលសុខភាពចំនួន ៣ កន្លែង, ជន់លិចទំនប់ប្រឡាយប្រវែង ២១៥,៩៦៧ ម៉ែត្រ ដោយបង្ករឲ្យខូចអស់ប្រវែង ២៧១១ ម៉ែត្រ។

ស្របគ្នានឹងបញ្ហាខាងលើ គ្រោះធម្មជាតិទឹកជំនន់នេះ បានធ្វើឱ្យប្រជាពលរដ្ឋជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន៤១៨ គ្រួសារជាមួយសត្វពាហនៈចំនួន ១៧០៤ ក្បាល តែទោះជាយ៉ាងនេះក្តីអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាស្រុកដែលរងប៉ះពាល់ បានដាក់ប៉ុស្តិ៍ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះជាយថាហេតុ។

ឆ្លើយតបនឹងបញ្ហា ក៏ដូចជាដោះស្រាយទុកលំបាកជូនប្រជាពលរដ្ឋអាជ្ញាធរខេត្តព្រៃវែង ជាពិសេស កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាននាំយកនូវអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៅចែក ជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់។

សូមជម្រាបថាគិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នេះ កម្ពស់ទឹកទន្លេព្រែកតាតាំខាងលិចសាលាខេត្តព្រៃវែងមានកម្ពស់ ៧,១៦ម៉ែត្រ ខណៈកំរិតត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្ន មានកម្ពស់ ៧,៥ម៉ែត្រ ដូច្នេះមានន័យថាកម្ពស់នៅខេត្តជិតដល់ កម្រិតត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នហើយ ។

ហើយអ្វីដែលរឹតតែធ្ងន់ធ្ងរថែមទៀតក្រៅពីគ្រោះទឹកជំនន់ទន្លេមេគង្គ ដែលកំពុងបំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋនោះ គ្រោះរាំងស្ងួតក៏កំពុងគំរាមកំហែងនិងងបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងខេត្តព្រៃវែងយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានស្រុក ចំនួន៥ កំពុងជួបគ្រោះរាំងស្ងួតធ្វើឲ្យប៉ះពាល់ដំណាំស្រូវប្រមាណជាង១ម៉ឺនហិកតាឯណោះ៕(អត្ថបទ៖ ជិន សេងឡុង)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation