សម្តេចតេជោ ថ្លែងប្រាប់​ ប្រតិភូអ្នកវិនិយោគចិនទាជីវថា កម្ពុជានៅតែផ្តល់​អាទិ៍ភាព លើវិស័យ មនុស្ស ផ្លូវ ភ្លើង និងទឹក សម្រាប់ការអភិវឌ្ឍប្រទេស​ តទៅមុខទៀត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ បានអនុញ្ញាតឲ្យ គណៈប្រតិភូសហព័ន្ធ ពាណិជ្ជករចិនទាជីវសកល ដឹកនាំដោយលោក លី ស៊ុងជាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបថា ៖ នៅក្នុងជំនួបនេះ សម្តេចតេជោ បានថ្លែងប្រាប់គណៈប្រតិភូ ពីភាពជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលជាលទ្ធផលប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជន ទទួលបានអាសនៈ១២៥លើ១២៥ នៅក្នុងរដ្ឋសភា។

សម្តេចតេជោ បានបន្ថែមថា ការទទួលបានភាពជោគជ័យនេះ ដោយសារតែមានការកែទម្រង់សព្វបែបយ៉ាង មានជាអាទិ៍ គឺកំណែទម្រង់លើវិស័យដីធ្លី ដែលរាជរដ្ឋាភិបាល បានបញ្ចប់ភាគច្រើន ជាជម្លោះរវាងបុគ្គលនិងបុគ្គល មិនមែនរាជរដ្ឋាភិបាល ជាមួយប្រជាជនទេ, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុសាធារណៈ និងការយកចិត្តទុកដាក់ ទៅលើប្រជាជនជាដើម។

គណៈប្រតិភូនេះ មួយចំនួនបានមកវិនិយោគ នៅកម្ពុជារួចរាល់ហើយ ហើយមួយចំនួនទៀត កំពុងសំលឹងមើល រកការវិនិយោគនៅកម្ពុជា ដូច្នេះគេចង់ដឹងពីសក្តានុពលរបស់កម្ពុជា ចង់ដឹងពីបរិយាកាសវិនិយោគនៅកម្ពុជា, ដូច្នេះ សម្តេចតេជោ បានប្រាប់ពីវិស័យអាទិ៍ភាព ដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ សម្រាប់ការអភិវឌ្ឍប្រទេសតទៅទៀត គឺវិស័យអាទិ៍ភាពទាំង៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ដែលកម្ពុជា នៅតែត្រូវការរហូតដល់២០ឬ៣០ឆ្នាំ តទៅមុខទៀត ដូច្នេះអ្នកវិនិយោគ អាចស្វែងរកការវិនិយោគទាំង៤នេះ ដើម្បីវិនិយោគនៅកម្ពុជា។

សម្តេចបានស្វាគមន៍ ទៅលើការបើកសាកលវិទ្យាល័យ វិស័យផ្លូវថ្នាល់ និងថាមពលអគ្គីសនី។ សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុនណាមកមុន នឹងទទួលបានសិទ្ធក្នុងការវិនិយោគមុន ដោយកម្ពុជាមិនរង់ចាំ ការវិនិយោគ ពីបណ្តាប្រទេសណាមួយនោះទេ។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍វិញ សម្តេចតេជោរំពឹងថា ភ្ញៀវទេសចរចិន នឹងកើនឡើងជាបន្តបន្ទាប់ទៀត រហូតដល់២លាននាក់ ដោយសារហេដ្ឋារចនាសម្ព័ន្ធ នៃការតភ្ជាប់ហោះហើរត្រង់ រវាងទីក្រុង និងតំបន់នានារបស់ចិន មកកាន់កម្ពុជា។

គណៈប្រតិភូចិន បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកម្ពុជា ហើយក៏បានកោតសរសើ និងបង្ហាញពីទំនុកចិត្ត ដោយសារការដឹកនាំរបស់សម្តេចតេជោ ដែលធ្វើឲ្យនយោបាយមានស្ថិរភាព មានច្បាប់ត្រឹមត្រូវ ជាពិសេសនោះ គឺចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ជាចុងបញ្ចប់នោះ គណៈប្រតិភូក៏បានសម្តែងនូវការអបអរសាទរ ដែលសម្តេចតេជោ បានអនុញ្ញាតឲ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានស្តាប់នូវអនុសាសន៍ និងបទឧទ្ទេស៍នាម ប្រកបដោយខ្លឹមសារ ជាបទពិសោធន៍មួយ អាចជាមេរៀន ហើយក៏បានគោរពជូនពរសម្តេច មិនត្រឹមតែបន្តដឹកនាំប្រទេស១០ឆ្នាំ ដូចសម្តេចមានប្រសាសន៍នោះទេ គឺសូមឲ្យបន្តដឹកនាំប្រទេស ​បានយូរតទៅមុខទៀត៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី​



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation