ទន្លេមេគង្គកំពង់ចាមស្រកបន្តិច ប៉ុន្តែទំហំខូចខាតនិងប៉ះពាល់មានច្រើន ខណៈពលរដ្ឋជាង៣ម៉ឺនគ្រួសារ ត្រូវបានរំខានដោយទឹកទន្លេ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម លោក អ៊ុំ វិបុល បានឲ្យដឹងថា កម្រិតកំពស់ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាមនៅថ្ងៃនេះគឺបានបន្តស្រកចុះត្រឹមកំពស់១៥,៤០ម៉ែត្រ ប៉ុន្តែកំពស់ទឹកនេះស្ថិតនៅលើចំណុចប្រកាស ប្រុងប្រយ័ត្ននៅឡើយគឺ១៥,២០ម៉ែត្រ។


ជុំវិញបញ្ហាដែលកើតមានដោយសារតែកម្ពស់ទឹកទន្លេក្នុងខេត្តកំពង់ចាម នេះ បើយោងតាមរបាយការណ៍របស់អាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានបញ្ជាក់ថា ចំពោះស្ថានភាពកំពស់ទឹកទន្លេដែលបានឡើងក្នុងអំឡុងពេលជិត១ខែ រហូតមកដល់ពេលនេះគឺបានធ្វើឲ្យប្រជាពលរដ្ឋចំនួន៣៥.១១៥គ្រួសារ បានទទួលរងផលប៉ះពាល់ ក្នុងនោះប្រជាពលរដ្ឋ ១៤២៧គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ជារួមគឺពលរដ្ឋក្នុងឃុំសង្កាត់ចំនួន៥៣ បានទទួលរងផលប៉ះពាល់ ដោយសារទឹកទន្លេមេគង្គនៅទូទាំងខេត្តកំពង់ចាម។


របាយការណ៍ដដែលនេះបង្ហាញទៀតថា ទឹកទន្លេមេគង្គបានបណ្តាលឲ្យខូចខាតដំណាំស្រូវ ពោត និងដំណាំរួមផ្សំសរុបចំនួនជាង ៣ពាន់ហិកតា ហើយក្រៅពីការខូចខាតខាងលើ ជំនន់ទឹកទន្លមេគង្គបានធ្វើឲ្យផ្ទះចំនួន២ម៉ឺន៦.៧១៧ខ្នងផ្ទះបានលិចលង់ រួមទាំងលិចផ្លូវសរុបប្រវែង២៧០គីឡូម៉ែត្រ។


ទន្ទឹមហ្នឹងទឹកទន្លេមេគង្គស្ថិតនៅកំពស់លើសចំណុចប្រកាសប្រុងប្រយ័ត្ននេះ បើតាមប្រជាពលរដ្ឋមួយចំនួនដែលកំពុងរស់នៅ ក្នុងឃុំរអាង ស្រុកកំពង់សៀម បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានរបស់CNCថា ពួកគាត់មានការលំបាកខ្លាំងក្នុងជីវភាព ប្រចាំថ្ងៃ ទាំងការរស់នៅ ការធ្វើដំណើរ និងការប្រកបមុខរបរចិញ្ចឹមជីវិតជាដើម។
ក្នុងអំឡុងពេលដែលទឹកទន្លមេគង្គបានឡើង និងស្រកបន្តិចបន្តួចទៅវិញនេះ ឯ.ឧ គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេមេគង្គគឺត្រូវហូបស្អាត និងបរិភោគទឹកដាំឆ្អិនជៀសវាងកា រឆ្លងជំងឺរាគរូសផ្សេងៗ និងមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះ កុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ និងចាស់ជរា ជាពិសេសត្រូវបង្ការ និងជៀសវាងកុំមានការលង់ទឹក និងសត្វអសិរពិសចឹក ឫខាំ។ ដោយឡែកចំពោះអជ្ញាធរ មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវបន្តតាមដាន និងវាយតំលៃជាប្រចាំចំពោះការការខូចខាត និងផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គនាពេលនេះ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះគឺមានបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់សរុប ២៥.៣៨៥គ្រួសារហើយ ដែលបានទទួលអំណោយពីអជ្ញាធរពាក់ព័ន្ធក្នុងនោះរួមមានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា, រដ្ឋបាលខេត្តកំពង់ចាម ,អ្នកតំណាងរាស្ត្រ ,ប្រធានក្រុមការងារ និងសប្បុរសជននានាជាដើម៕(អត្ថបទ៖ ហ៊ាង ថាច)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation