ព័ត៌មានជាតិ

អភិបាលរងខេត្តរតនគិរីបានស្នើរដល់បុគ្គលិកសុខាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការថែទាំជម្ងឺជូនប្រជាពលរដ្ឋ

image

រតនគិរី៖ ក្នុងពិធីដាក់អោយដំណើរការម៉ាស៊ីនថតស្កេន នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីរសៀលថ្ងៃទី ២៦ ខែ សីហាម្សិលមិញនេះ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរីបានរំលឹកដល់បុគ្គលិកសុខាភិបាលទាំងអស់នៅក្នុងខេត្តរតនគិរី ត្រូវអនុវត្តន៍តួនាទី និងភារកិច្ចក្នុងការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋតាមក្រម សីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យអោយបានល្អ ។

ដោយឡែកជុំវិញការដាក់អោយដំណើរការម៉ាស៊ីនថតស្កេនថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តនេះវិញ អភិបាលរងខេត្តរតនគិរី បានបញ្ជាក់ថា ជាសមិទ្ធិផល ថ្មីមួយទៀតដែលបង្ហាញអោយឃើញអំពីការយកចិត្ត ទុកពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាពិសេសប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់លើវិស័យសុខាភិបាល សំដៅលើការផ្តល់សេវា សុខភាពទូទៅ ប្រកបដោយគុណភាពជូណប្រជាពលរដ្ឋនូវទូទាំងប្រទេស។

អភិបាលរងខេត្តរូបនេះ ក៏បានថ្លែងនូវការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនម៉ាស៊ីនថតស្កេន CT scan និង មន្ទីរសុខាភិបាលខេត្ត ដែលជម្រុញអោយមានម៉ាស៊ីនថតស្កេនទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយតាមរយៈការដាក់ អោយដំណើរការម៉ាស៊ីនថតស្កេននេះ វាជាបទពិសោធន៍មួយថ្មីបន្ថែមទៀតផ្តល់ជូន ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ មាន មូលដ្ឋានក្នុងការធ្វើរោគវិនិច្ឆ័យ និងអន្តរាគមន៍សង្គ្រោះជីវិតអ្នកជម្ងឺបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ដែលជារីកចម្រើនមួយផ្នែកធំនៃវិស័យសុខាភិបាលក្នុងខេត្តភូមិភាគឥសាន្តនៃប្រទេសកម្ពុជាមួយនេះ។

លោក លន់ សុភាព ក៏បានស្នើដល់ក្រុមហ៊ុន CT scan ដែល បានវិនិយោគជាមួយមន្ទីរពេទ្យបង្អែកខេត្តរតនគិរី សូមមេត្តា យោគយល់និងមានការអនុគ្រោះបង់ថ្លៃ សេវាជូនដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រដែលគ្មានលទ្ធភាពក្នុងការផ្តល់ សេវាស្កេននេះផងដែរ។

ស្របនេះគ្នានេះ លោកអភិបាលរងខេត្តរតនគិរី ក៏បានស្នើរដល់មន្ទីរសុខាភិបាលខេត្តធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់ អាជ្ញាធរដែនដី ក្រុងស្រុកទាំង ៩ ជុំវិញព័ត៌មានដែលទាក់ទងនឹងវត្តមានរបស់ម៉ាស៊ីនថត ស្កេនថ្មីនេះ ដើម្បីអោយអាជ្ញាធរទាំងអស់ នោះផ្សព្វផ្សាយបន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានដឹង ដើម្បីកាត់បន្ថយការចំណាយទៅថតស្កេននៅប្រទេសជិតខាង ឬ ទៅរាជធានីភ្នំពេញ ដែលត្រូវចំណាយច្រើនទាំងពេលវេលានិងថវិការនោះ៕ អត្ថបទ ៖ ប៉េស សារី