សម្តេចតេជោ ណែនាំឲ្យគណៈមេធាវី​ ពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា ការបញ្ជូនមេធាវីនេះ គឺរក្សាឲ្យបាននូវសមត្ថភាព​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ បានអនុញ្ញាតឲ្យគណៈមេធាវីកម្ពុជា​ ដឹកនាំដោយលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក សួន វិសាល ​បានគោរពរាយការណ៍ជូន សម្តេចតេជោថា គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា គណៈមេធាវី បានធ្វើការកែទម្រង់​ការងារ ដើម្បីធ្វើយ៉ាងណា ឲ្យសមស្រប ទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិ នាពេលបច្ចុប្បន្នផង ហើយក៏បង្រៀនមេធាវីកម្ពុជា នូវបច្ចេកទេសការពារក្ដីផង។

លោកក៏បានគោរពរាយការណ៍ជូន សម្តេចតេជោ ​អំពីកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំ សមាគមមេធាវីអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។ លោកក៏បានជម្រាបជូនសម្ដេចផងដែរ អំពីកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនក្រីក្រ ហើយធ្វើយ៉ាងណារៀបចំ នូវប្រព័ន្ធទិន្នន័យ សម្រាប់ការតាមដានករណី​នីមួយៗផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានស្វាគមន៍ ចំពោះរបាយការណ៍ ដែលបានលើកឡើង ដោយ លោក សួនវិសាល ហើយក៏បានធ្វើការណែនាំថា គប្បីណារាល់ការកែទម្រង់ទាំងឡាយ ដែលគណៈមេធាវី នឹងធ្វើគឺត្រូវធ្វើឲ្យស្របតាមច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។

សម្តេចក៏បានណែនាំ ឲ្យគណៈមេធាវី ​ពិនិត្យមើលចំណុចមួយចំនួន ដែលលែងសមស្រប ទៅតាមកាលៈទេសៈ ព្រោះថាគណៈមេធាវី បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ ក៏មានរយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួន មិនសមស្រប តាមបរិបទសង្គម នាពេលបច្ចុប្បន្ននេះទេ។

យ៉ាងណាមិញ សម្ដេចក៏បានធ្វើការណែនាំ ដោយសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ។ សម្តេចតេជោ ក៏បានណែនាំដល់ គណៈមេធាវីផងដែរថា សូមពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា ការបញ្ជូនមេធាវីនេះ គឺរក្សាឲ្យបាននូវ សមត្ថភាពមេធាវី ពង្រឹងនិងលើកកម្ពស់សមត្ថភាពមេធាវីផង និងធ្វើយ៉ាងណាពង្រាយមេធាវី ដើម្បីជួយដល់កូនក្តី នៅតាមបណ្ដាខេត្ត និងជនបទផង៕

អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation