រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស សិង្ហបុរី ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី។


តាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៧ សីហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀន លុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ ដោយពិភាក្សាអំពីវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរយោបល់ផងដែរ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។


ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន មានគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងទ្វេភាគី និងរិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation