លោកជំទាវ ម៉ែន សំអន រំពឹងថា ដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូ សហព័ន្ធពាណិជ្ជករ ចិនទាជីវសកលលោក មកកាន់កម្ពុជា នឹងបង្កើតឱកាសវិនិយោគថ្មីៗ, ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអាជីវករកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីជប់លៀងស្វាគមន៍ គណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បានមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចនាពេលនេះ សមាជិក នៃគណៈប្រតិភូ នឹងទទួលបានព័ត៌មានល្អៗ ឱកាសវិនិយោគថ្មីៗ និងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយអាជីវករកម្ពុជា ដើម្បីរកឃើញដៃគូធុរកិច្ច និងវិនិយោគ ក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម លើវិស័យ ដែលមានសក្កានុពលជាច្រើននៅកម្ពុជា ជាពិសេស វិស័យអចលនទ្រព្យ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។


លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ទស្សនកិច្ចនេះ ពិតជាទទួលបានផលប្រយោជន៍ច្រើន និងងាយស្រួល ដោយសារនៅម្ពុជាមានឧកញ៉ា និងអ្នកប្រកបរបរជំនួញជាច្រើននាក់ ដែលមានដើមកំណើត ជាខ្សែចិនទាជីវ ដែលអាចឱ្យប្រតិភូងាយស្រួល ក្នុងការនិយាយ និងប្រាស្រ័យទាក់ទងគ្នា។
 
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលមានគោលនយោបាយ ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកវិនិយោគបរទេស ដោយគ្មានប្រកាន់ជាតិសាសន៍ និងកត្តាអំណោយផលផ្សេងទៀត រួមទាំងការលូតលាស់ ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារពលករមានតម្លៃទាប និងច្បាប់វិនិយោគ ដែលអនុគ្រោះដល់ធុរកិច្ច ទើបកម្ពុជាកំពុងតែក្លាយជាគោលដៅថ្មីមួយ គួរឲ្យចាប់អារម្មណ៍បំផុត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស។


បើតាមលោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះពាណិជ្ជករចិនទាជីវ កាន់តែច្រើនបានមកកម្ពុជា ហើយក៏បានបង្កើតជា សមាគមពាណិជ្ជកម្មផងដែរ។ លោកបន្តថា លើកនេះ គណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវ សកលមានសមាភាព៤២រូប សុទ្ធសឹងតែជាពាណិជ្ជករឆ្នើម លើវិស័យអចលនទ្រព្យហិរញ្ញវត្ថុ កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាទំនើប វេជ្ជសាស្ត្រ និងជីវបច្ចេកវិទ្យា។


សូមជម្រាបថា ដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូ មកកាន់កម្ពុជានាពេលនេះ គឺដើម្បី​ចូលរួមសន្និសីទសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី៥ នៃសហព័ន្ធពាណិជ្ជករ ចិនទាជីវសកលលោក ការសិក្សា ស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងធុរកិច្ច ការទស្សនាកំសាន្ត តាមរម្មណីយដ្ឋាននានា និងការប្រាស្រ័យទាក់ទង ជាមួយប្រជាជនកម្ពុជា ជាពិសេសជាមួយសមាជិក នៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលមានឧកញ៉ា ពុង ឃាវសែ ជាប្រធាន៕ (អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី)

 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation