News Update : ខណ្ឌឬស្សីកែវថា ការ៉ាស់សាំងដែលសង់លើដីរដ្ឋ គឺខុសច្បាប់ហើយលួចសាងសង់ ខណៈដីនេះជាមណ្ឌលអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីCNCផ្សាយរឿងមានចំណងជើងថា ដីច្រាំងទន្លេរសាបក្នុងខណ្ឌឬស្សីកែវ ត្រូវគេឃុបឃិតគ្នា សង់ការ៉ាស់សាំងSAVIMEX មួយកន្លែងយ៉ាងរំភើយ ខណៈអាជ្ញាធរជិះរថយន្តឆ្លងកាត់ធ្វើព្រងើយ ។


នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នេះលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ដែលរវល់ប្រជុំមិនបានឆ្លើយនូវសំនួរយើងខ្ញុំកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោកបានបកស្រាយហើយថា ទីតាំងសំណង់មួយកន្លែងនៅខាងកើតផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខ្ញុំសូមបញ្ជាក់ថា សំណង់ខាងលើនេះស្ថិតក្នុងដីមណ្ឌលអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ហើយខាងកំពង់ផែពុំទាន់មានស្នើកិច្ចអន្តរាគមន៍មកអាជ្ញាធរដែនដី ឬប្រតិកម្មណាមួយនៅឡើយ ប៉ុន្តែទន្ទឹមនឹងនេះក្នុងនាមអាជ្ញាធរខណ្ឌឫស្សីកែវ បានចាត់វិធានការរដ្ឋបាលក្នុងការគ្រប់គ្រងរាល់ការដ្ឋានសំណង់អត់ច្បាប់ទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ជាក់ស្តែងការដ្ឋានសំណង់ដែល CNC ផ្សាយព្រឹកមិញនេះ អាជ្ញាធរខណ្ឌបានចុះធ្វើកំណត់ហេតុផ្អាកការសាងសង់ចាប់តាំងពីចាប់ផ្តើមសាងសង់ និងបានចេញជូនដំណឹងឲ្យផ្អាកសកម្មភាព និងរុះរើចេញវិញចំនួន៣លើក ប៉ុន្តែម្ចាស់ការដ្ឋានសំណង់បានឆ្លៀតសាងសង់នៅថ្ងៃឈប់សម្រាក ពេលយប់ និងពេលអាជ្ញាធរខណ្ឌមមាញឹកការងាររដ្ឋបាល។ រាល់ឯកសារពាក់ព័ន្ធខាងលើប្អូនអាចទំនាក់ទំនងយកពីការិយាល័យអន្តរវិស័យខណ្ឌបានគ្រប់ពេល។ អាជ្ញាធរខណ្ឌនឹងសហការបំភ្លឺជូនជានិច្ចសម្រាប់សារព័ត៌មានទាំងអស់។


សូមរំលឹកថា ទីតាំងនោះស្ថិតនៅតាមចិញ្ចើមផ្លូវជាតិលេខ៥ ជាប់មាត់ទន្លេសាប ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគេហ៊ុំព័ទ្ធដោយរបងជិតធ្វើការសាងសង់ បច្ចុប្បន្នសង់ជិតរួចរាល់ហើយ។
ប្រជាពលរដ្ឋនៅម្តុំនោះ បានឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈSAVIMEXមួយនេះ កំពុងសាងសង់នៅលើងដីរបស់រដ្ឋ ហើយគេធ្វេីសកម្មភាពសាងសង់តែនៅពេលយប់ប៉ុណ្ណោះ ចំណែកពេលថ្ងៃគេមិនធ្វើអ្វីទេ។ សកម្មភាពសាងសង់នេះ ប្រជាពលរដ្ឋនៅក្បែរនោះ បានដាក់ការសង្ស័យថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈនេះ ទំនងជាមានការត្រូវរ៉ូវគ្នាជាមួយអ្នកដែលពាក់ព័ន្ធ លួចលាក់សាងសង់បន្លំភ្នែកមហាជននៅលើដីរបស់រដ្ឋ ព្រោះការសាងសង់ស្ថានីយប្រេងឥន្ធនៈមួយនេះ គេធ្វើតែនៅពេលយប់ប៉ុណ្ណោះ។


កាលនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានស្រង់សម្តី លោកអភិបាលខណ្ឌ ជា ពិសី ចុះផ្សាយថា ការធ្វើរបងថ្មបិទនេះ គឺដើម្បីការពារកុំឲ្យមានអ្នកលួចទន្ទ្រានយកដីរបស់រដ្ឋតែប៉ុណ្ណោះ គឺគេមិនធ្វើអ្វីផ្សេងទេ ប៉ុន្តែធាតុពិត នៅពេលនេះ គឺស្ថានីយប្រេងឥន្ធនៈមួយ ត្រូវលេចឡើងនៅខាងក្នុងរបងថ្ម លយគូថជាប់នឹងមាត់ទន្លេសាប ដែលផ្ទុយពីការអះអាងរបស់លោកអភិបាលខណ្ឌ។ ហើយអ្វីជាចំងល់ហេតុអីសកម្មភាពជាក់ស្តែងហើយ ក្នុងនាមអាជ្ញាធរគ្មានសមត្ថភាពទប់ស្កាត់អោយមានប្រសិទ្ធភាព ឬមួយក៏រងចាំខាងកំពង់ផែសុំកិច្ចអន្តរាគម៍មែន បើកន្លងទៅធ្លាប់ចុះផ្អាកដែរតែគ្មានប្រសិទ្ធភាពនោះ ។


កន្លងមកអាជ្ញាធរ ខណ្ឌឫស្សីកែវ ក៏ដូចរាជធានីភ្នំពេញ ធ្លាប់បានណែនាំប្រជាពលរដ្ឋដែលរស់នៅលើដីជាប់មាត់ទន្លេសាប តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់តាំងពីគល់ស្ពានជ្រោយចង្វា រហូតមកដល់ស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ឲ្យរុះរើលំនៅដ្ឋានចេញដើម្បីយកដីនោះសាងសង់សួនច្បារដោយអះអាងថាដីទាំងនោះគឺជាដីរបស់រដ្ឋ ប៉ុន្តែក្រោយមកទៀតក៏ស្ងាត់បាត់ទៅវិញ។ រយៈពេលជាចុងក្រោយនេះ ទីតាំងដែលគេអះអាងថាជាដីរបស់រដ្ឋនៅប្របតាមមាត់ទន្លេសាបនេះ មានប្រភេទសំណង់រឹងមាំមួយចំនួនត្រូវបានស្ថាបនាឡើង ហើយនៅថ្ងៃនេះផ្ទាល់ គេក៏អាចមើលឃើញស្ថានីយប្រេងឥន្ធនៈSAVIMEXមួយ កំពុងតែលេចរូបរាងឡើងបន្តិចម្តងៗនៅលើដីរបស់រដ្ឋនេះ ៕ CNC


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation