ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និង ធនាគារជាតិ អំពាវនាវឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានយន្តការដោះស្រាយទន់ភ្លន់ ចំពោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលបានខ្ចីឥណ ទាន។ អត្ថបទ៖ ប៊ុន សម្ផស្ស រូបភាព៖ ឯកសារ

image

៣ចំណុចក្នុងសេចក្ដីប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច និង ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី២៤ សីហា ឆ្នាំ២០១៨ បានអំពាវនាវឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំងក្នុងតំបន់រងគ្រោះដោយទឹកជំនន់ ៖

-បន្ដផ្ដល់ឥណទានដោយប្រុងប្រយ័ត្ន និងមានយន្ដការដោះស្រាយទន់ភ្លន់ចំពោះអតិថិជន ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ជាក់ស្ដែង ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំ របស់ វិស័យហិរញ្ញវត្ថុ។
- បន្ដពិនិត្យ និងវាយតម្លៃលទ្ធភាពសង របស់ប្រជាកសិករ ដែលបានរងផលប៉ះពាល់ពីគ្រោះថ្នាក់ទឹកជំនន់ សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ថយរយៈពេលសង បន្ថយអត្រាការប្រាក់ ឬមិនយកការប្រាក់ ក្នុងរយៈពេលណាមួយ និងមិនត្រូវរឹបអូសទ្រព្យសម្បត្តិ របស់ប្រជាកសិករ ព្រមទាំងផ្ដល់ដំណោះស្រាយសមស្របផ្សេងៗ។
- បន្ដតាមដានស្ថានភាព និងផលប៉ះពាល់នៃគ្រោះទឹកជំនន់លើប្រជាកសិរ និងផ្ដល់ការគាំទ្រចាំបាច់ស្របតាមកាលៈទេសៈជាក់ស្ដែង។
គួររំលឹកថា សេចក្ដីអំពាវនាវរបស់ស្ថាប័នទាំង២ខាងលើ ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ ខែសីហា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺន ៧ពាន់នាក់ នៅឃុំសំរោងធំ ស្រុក គៀនស្វាយ ខេត្តកណ្ដាល បានអំពាវនាវដល់ក្រសួងសេដ្ឋកិច្ច និង ធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយការប្រាក់ ឬ លក្ខខណ្ឌងាយស្រួល ក្នុងការទទួលបាននូវប្រាក់កម្ចីផ្សេងៗ ដើម្បីពួកគាត់មានលទ្ធភាពយកទៅសង្រ្គោះដំណាំរបស់គាត់ ដែលទទួលរងការខូចខាតដោយសារទឹកជំនន់។