សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖ កាកបាទក្រហមកម្ពុជាបាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ ២០១១-២០២០ ដោយផ្តោតលើវិស័យស្នូលទាំង៤
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជា អធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណា ម្នាក់ចោល” ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកពីសំណាក់សប្បុរសជនជាតិ អន្តរជាតិ បានធ្វើឱ្យកាកបាទក្រហមកម្ពុជាមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការដោះស្រាយសេចក្តីត្រូវការជាក់ស្តែងរបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុតនៅតាមសហគមន៍។

ប្រធានកាកបាទក្រហមកម្ពុជា បន្តថា ជាក់ស្តែងក្នុងឆ្នាំ២០១៧ មកដល់ខែមេសាឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ ២០១១-២០២០ របស់ខ្លួនផ្តោតលើវិស័យស្នូលទាំង៤ គឺ ៖
១.គ្រប់គ្រងគ្រោះមហន្តរាយ
២.អប់រំ ថែទាំសុខភាពតាមសហគមន៍
៣.លើកកម្ពស់តម្លៃមនុស្សធម៌ និង
៤. អភិវឌ្ឍស្ថាប័ន។


ជាមួយនឹងវិស័យស្នូលទាំង៤ទាំង៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន៖
-ប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជាង១ម៉ឺនគ្រួសារទទួលបានអណ្តូងទឹកស្អាត៤៣៣ និងស្រះទឹកសហគមន៍ ចំនួន៧។
-ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺចាស់ឥតទីពឹង កុមារកំព្រា កុមារខ្សោយសតិបញ្ញា ស្រ្តីមេម៉ាយ អ្នកពិការ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជម្ងឺរាំរ៉ៃ ជាង១០ម៉ឺនគ្រួសារ ទទួលបានការជួយឧបត្ថម្ភ ជាស្បៀង សំភារៈ និងថវិកា។ -បុគ្គលិកក្នុងវិស័យឯកជន ១០,៣២៩នាក់ និងអ្នកស្ម័គ្រចិត្ត ៥១៦នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គ្រោះបឋមនិងបានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ រាប់ពាន់នាក់។ សិស្ស និស្សិត មន្ត្រីរាជការប្រជាពលរដ្ឋប្រជាពលរដ្ឋ ប្រមាណ៧ម៉ឺននាក់ បានទទួល ចំណេះដឹង ស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោក។
-យុវជនកាកបាទក្រហមជាង២ម៉ឺននាក់ ទូទាំងប្រទេស តែងតែចូលរួមក្នុងសកម្មភាព មិត្តអប់រំមិត្ត សំអាតបរិស្ថាន ដាំដើមឈើ និងបរិច្ចាកឈាម ជាដើម។
-ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ជាង១ម៉ឺនគ្រួសារ បានទទួលសារគន្លឹះអប់រំពីគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលដែលប្រជាពលរដ្ឋ ២៩៤គ្រួសារ ទទួលបានប្រាក់កម្ចី ឥតការប្រាក់ ធ្វើជាដើមទុនប្រកបមុខ របរមានជីវភាពប្រសើរឡើង ហើយបងប្អូនជនជាតិ តែងតែបានទទួលនូវសារថែទាំអប់រំ សុខភាព ក្នុងឱកាសទិវាជាតិដើម្បីសុខភាព មាតា និងទារក ២១កុម្ភៈ,ទិវាឆ្មបជាតិ ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធជម្ងឺអេដស៍ ១ធ្នូ។

ប្រធានកាកបាទក្រហមកម្ពុជា មានប្រសាសន៍បន្តទៀតថា ក្រៅពីសមិទ្ធផលសំខាន់ៗខាងលើនេះកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់ពីឆ្នាំ ២០១២ មក ដោយក្នុងមួយឆ្នាំៗ ចំនួន មួយលានដុល្លារអាមេរិក និងបានជួយសាងសង់ និងជួសជុល លំនៅឋាន បានរាប់រយខ្នង ធ្វើបង្គន់អនាម័យ រាប់ពាន់បន្ទប់ ផ្តល់ស៊ីទែនទឹក និងធុងចម្រោះទឹក ជូនដល់ប្រជាពលរដ្ឋនៅតាម ខេត្តនានា និងបានជួយស្វែងរក គ្រួសារដែលបែកគ្នា ជាង៤០ឆ្នាំ ឱ្យបានជួបគ្នាឡើងវិញ បានជួយសាងសង់អគារ សិក្សា អគារស្នាក់នៅ នៅតាមអង្គការ សមាគម និងមណ្ឌលកុមារកំព្រាមួយចំនួន៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation