អាជ្ញាធរក្រុងបានលុងបានប្រមូល ចក ជាង ៥តោន ចេញពីផ្ទៃបឹងកន្សែង ដើម្បីរក្សាសោភណ្ឌភាពសម្រាប់ទាក់ទាញ ភ្ញៀវទេសចរណ៍
| ព័ត៌មានជាតិ
SHARE

រតនគិរី ៖លោកខាំ ថាវី នាយករងសាលាក្រុងបានលុង ខេត្តរតនគិរី បានថ្លែងប្រាប់ឲ្យដឹងថា អាជ្ញាធរក្រុងបានលុង ផ្ដើមគៀយក ចក ចេញពីផ្ទៃបឹងកន្សែងចាប់តាំងពីថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃសុក្រនេះមានរយៈ៧ថ្ងៃកន្លងមកហើយ ។ ដោយបានគៀ (ចក) យកចេញពីផ្ទៃបឹងកន្សែងប្រមាណជាង៥តោន(ចក) ស្ថិតនៅក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
នាយករងសាលាក្រុងបានលុងរូបនេះ បានថ្លែងបន្ដរទៀតថា ការគៀ(ចក)យកចេញពីផ្ទៃបឹងកន្សែងនេះគឺដើម្បីរក្សាសោភ័ណ្ឌភាព បំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ ឲ្យចូលមកកំសាន្ដបឹងប្រវត្តិសាស្ដ្រមួយនេះឲ្យកាន់តែច្រើនឡើង ។

លោកខាំ ថាវី បានឲ្យដឹងបន្ថែមទៀតថា កាលពីពាក់កណ្ដាលឆ្នាំ២០១៧កន្លងទៅខាងមន្ទីរកសិកម្ម ដឹកនាំដោយអភិបាលខេត្ត បានចុះប្រមូល និងគៀ(ចក)នេះ ចេញម្ដងរួចមកហើយ ។ ប៉ុន្តែ(ចក)នេះបានដុះចេញជាច្រើនទៀតមកវិញលើផ្ទៃបឹងកន្សែង ក្នុងអំឡុងពេលប៉ុន្មានខែក្នុងឆ្នាំ២០១៨នេះ ។ ហើយបញ្ហា(ចក)នេះ អាជ្ញាធរមិនអាចមានវិធាការលប់បំបាត់ឲ្យអស់ទាំងស្រុង នោះទេ ដោយសារតែ (ចក)នេះ ទោះបីជាវានៅតែពីរឬបី(ចក)ក៏វានៅតែដុះច្រើនឡើងវិញក្នុងរយៈពេលខ្លីយ៉ាងលឿន ។

លោកខាំ ថាវី បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះជុំវិញបឹងកន្សែងមានសភាពខុសប្លែកពីមុន ពោលត្រូវបានជំនួស ដោយលំនៅដ្ឋាន មន្ទីរពេទ្យ ភោជនីយដ្ឋាន សណ្ឋាគារ ប្រណីតៗ និងសកម្មភាពមនុស្សម្នាធ្វើដំណើរទៅវិញទៅមកច្រើន ស្អេកស្កះ ខុសពីពេលមុន ដែលមានភាពស្ងាត់ជ្រងុំសម្បូរដោយព្រៃធម្មជាតិ។ តែទោះបីជាយ៉ាងណាក្តី បឹងកន្សែងក៏នៅរក្សាទុកសភាពដើមបានខ្លះៗដែរ ពោលគឺផៃ្ទទឹកក្នុងបឹងទាំងមូលបើមិនមាន(ចក) ទឹកនឹងមានលក្ខណៈថ្លាគួរឲ្យចង់ងូតលេង ។

យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានបង្ហាញថា ផ្ទៃបឹងកន្សែងទាំងមូល មានទំហំ២៩.៨ហិកតា ក្នុងនោះផ្ទៃទឹកមានទំហំ១៨.៨១ហិកតា ផ្ទៃកោះអណ្ដែតមានទំហំ៥.៣១ហិកតា ផ្ទៃដីគោក មានទំហំ៤.៥៥ហិកតា សួនច្បារទំហំ១.១១ហិកតា និងបរិមាណទឹកមានចំនួនរង្វង់ ៧សែនម៉ែត្រគីប។

បើតាមការបញ្ជាក់ពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តបានឲ្យដឹងថា បឹងកន្សែងជាបឹងប្រវត្តិបែបធម្ម ជាតិ ដែលអ្នកទេសចរអាចជួបជុំគ្នា ជាលក្ខណៈគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍យុវវ័យអង្គុយទទួលទានអាហារនៅក្បែរមាត់បឹងនេះ ។

សូមជំរាបថា បឹងកន្សែង និងរមណីយដ្ឋាន នានាទូទាំងខេត្តរតនគិរី បានទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សានចាប់តាំង ពីខែមករា រហូតមកដល់ខែមិថុនា ឆ្នាំ២០១៨ ចំនួន១៥៥,៩២៨នាក់ ភ្ញៀវជាតិចំនួន១៤១,១០៨នាក់ ភ្ញៀវអន្តរជាតិចំនួន ១៤,៨២០នាក់ មានការកើនឡើងចំនួន៣,៣០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧៕អត្ថបទ ៖ ប៉េស សារី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation