នាយករដ្ឋមន្ត្រីអំពាវនាវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបន្ធូបន្ថយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលបានខ្ចីប្រាក់
| ព័ត៌មានជាតិ
SHARE

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យធនាគារជាតិនៃកម្ពុជា រួមជា មួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយសម្របសម្រួលជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកទាំងឡាយ ដើម្បីផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ក្នុងការបន្ធូបន្ថយរយៈពេលនៃការសងបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ កម្មការិនីជាង ១៧០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១២ នៅក្នុងខេត្តកណ្តាល កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពេលនេះប្រជាជនជាច្រើនកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយដំណាំកសិកម្មរបស់ពួកគាត់ជាច្រើនត្រូវបានបំផ្លាញ ដូច្នេះ ប្រសិនបើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានការយោគយល់ ពន្យាពេលសង ឬមិនយក ការប្រាក់ក្នុងរយៈពេលណាមួយ នោះវាជួយកាត់បន្ថយការលំបាករបស់ពួកគាត់មួយកម្រិតផងដែរ។

តែយ៉ាងណាកក៏ដោយ សម្តេចតេជោ បានលើកឡើងថា ការអនុគ្រោះនោះត្រូវពិនិត្យមើលស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ផលដំណាំកសិកម្មរបស់ពួកគាត់ដែរ ថាតើក្នុងកម្រិតណា ត្រូវមានការយោគយល់ និងមិនត្រូវយោគយល់នោះ។

ជុំវិញការអំពាវនាវនេះ លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានឲ្យដឹងថា គ្រឹះស្ថានរបស់លោកតែងតែមានការយោគយល់ចំពោះអថិជនដែលជួបគ្រាះទឹកជំ នន់ ក៏ដូចជា គ្រោះធម្មជាតិផ្សេងៗទៀត ទៅតាមស្ថានភាពជាក់ស្តែងដែលពួកគេរងផលប៉ះពាល់។

លោកបានបញ្ជាក់ថា ថ្វីត្បិតតែប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនឆ្នាំនេះបានជួបគ្រោះទឹកជំនន់ក៏ពិតមែន ប៉ុន្តែវាមិនបា​នបង្កផលប៉ះពាល់ដល់ការសងបំណុលរបស់អតិថិជនគ្រឹះ ស្ថានរបស់លោកនោះទេ ដោយហេតុផលថា ចំពោះប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ជាទូទៅតែងតែជួបបញ្ហាទឹកជំនន់នេះ ហើយផ្ទុយទៅវិញផលដំណាំរបស់ពួកគាត់កាន់តែលូត លាស់ល្អ ក្រោយពេលទឹកទន្លេស្រកទៅវិញ ដោយសារវាបាននាំយកនូវដីល្បាប់មានជីវជាតិដែលអនុគ្រោះដល់ដំណាំកសិកម្ម។

ម៉្យាងវិញទៀតលោកថា ប្រជាពលរដ្ឋឥឡូវ ពួកគាត់មិនពឹងផ្អែកតែលើមុខរបរកសិកម្មមួយមុខនោះទេ ពោលគឺពួកគាត់មានមុខរបររួមផ្សំផ្សេងទៀត ដូចជា ការលក់ដូរ ការចិញ្ចឹមសត្វ និង ធ្វើការរោងចក្រជាដើម។

តាមលោក ជា ផល្លារិន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅឆ្នាំនេះ ការឥណទានសម្រាប់វិស័យកសិកម្មបានរួមចំណែកប្រមាណ ៣០ភាគរយ ឬស្មើនឹង ២៥០លានដុល្លារអាមេរិក នៃទំហំឥ ណទានសរុប៕
អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation