សហភាពអឺរ៉ុបនឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១៥លានដុល្លារ សម្រាប់គាំទ្រការអភិវឌ្ឍវិស័យអទិភាពចំនួន ៣នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

សហភាពអឺរ៉ុប នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១១៥លានអឺរ៉ូ សម្រាប់ បន្តការគាំទ្រលើកម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ពីឆ្នាំ ២០២០-២០២១ កម្មវិធីសម្រាប់កំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅកម្ពុជា លើវិស័យជលផល និងកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣។

នេះបើតាមការលើកឡើងរបស់លោក George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍នេះ។។

លោកឯកអគ្គរដ្ឋទូត George Edgar បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន។

លោកក៏បានបញ្ជាក់បន្ថែមអំពីសុឆន្ទៈនៃកិច្ចសហប្រតិបត្តិការ ក្នុងការបន្តការគាំទ្រលើកម្មវិធីកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ពីឆ្នាំ ២០២០-២០២១ ប្រមាណ ២២ លានអឺរ៉ូ, កម្មវិធីសម្រាប់កំណើនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ននៅកម្ពុជា លើវិស័យជលផល ប្រមាណ ៨៧ លានអឺរ៉ូ និងកម្មវិធីសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា ដំ ណាក់កាលទី ៣ ប្រមាណ ៦ លានអឺរ៉ូ ។

ជាការឆ្លើយតបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនូវអំណរគុណចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបទាំងជំនួយជាហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រកបដោយជោគជ័យ និងចីរភាព។

ឯកឧត្តមបានបញ្ជាក់ទៀតថា នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចទំនាក់ទំនងល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប ។ ជាមួយគ្នានេះ កម្ពុជា ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពង្រឹងការប្រ មូលចំណូលក្នុងស្រុក និងការគ្រប់គ្រងចំណាយសាធារណៈ ប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, គណនេយ្យភាព និងតម្លាភាព៕អត្ថបទ៖ សៀម ប៊ុនធី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation