កាកបាទក្រហមកម្ពុជា ទទួលអំណោយ មុងចំនួន ២ម៉ឺន ពីកាកបាទក្រហមចិន ខេត្តក្វាងស៊ី សម្រាប់ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងទប់ស្កាត់ជំងឺគ្រុនចាញ់គ្រុនឈាមនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលមុងចំនួន ២០.០០០ (ពីរម៉ឺន) ជាអំណោយរបស់សាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងចូលរួមទប់ស្កាត់ជំងឺគ្រុនចាញ់គ្រុនឈាមនៅកម្ពុជា។

ក្នុងពេលជួបសំណេះសំណាលជាមួយគណៈប្រតិភូ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកក្រក បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកក្រក ព្រមទាំងសម្តែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈប្រតិភូដែលបាននាំយកមុងចំនួន ២ម៉ឺន មកផ្តល់ជូន កក្រក។ ទន្ទឹមនេះ លោកជំទាវ បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពគ្រោះទឹកជំនន់នៅកម្ពុជាដែលបង្កឡើងដោយទឹកភ្លៀង និងឥទ្ធិពលនៃការបាក់ទំនប់វារីអគ្គិសនីពីប្រទេសឡាវ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨មក ដែលនេះជាការងារអាទិភាពមួយរបស់ កក្រក ត្រូវធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។ លោកជំទាវ បានបញ្ជាក់ដែរថា សមាគមជាតិកាកបាទក្រហមចិន តែងតែជាដៃគូយុទ្ធសាស្ត្រដ៏ល្អ និងបានផ្តល់អំណោយជាស្បៀងសម្ភារ ដល់ កក្រក ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយចំពោះអំណោយ មុង នៅពេលនេះ ពិតជាមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ជាមួយគ្នានោះ លោកស្រី ផាន់ សេហុង អនុប្រធានសាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី បានថ្លែងបញ្ជាក់ថា រយៈពេល ៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូតកម្ពុជា-ចិន បានធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានចំណងមេត្រីភាពដ៏ជ្រាលជ្រៅ ជាមិត្តដ៏ល្អ និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា បន្ថែមពីការជួយឧបត្ថម្ភគាំទ្រលើការងារបច្ចេកទេសសម្រាប់អនុវត្តគម្រោងនានានៅតាមខេត្តគោលដៅមួយចំនួន នៅឆ្នាំ២០១៨នេះ សមាគមជាតិកាកបាទក្រហមចិន បានផ្តល់រថយន្តសង្គ្រោះចំនួន ៥គ្រឿង ដល់ កក្រក ហើយដែលរថយន្តទាំងនោះបានផ្តល់ដល់សាខាកក្រកខេត្តសៀមរាប និងខេត្តស្វាយរៀង និងមន្ទីរពេទ្យនៅភ្នំពេញ។ បន្ថែមពីនេះ កក្រក បានទទួលអំណោយអង្ករសរុបចំនួន ១.៣៦២តោន (៣លើក) ពីរដ្ឋាភិបាលតំបន់ស្វយ័តក្វាងស៊ីប្រទេសចិន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation