ព្រឹកនេះ! សម្តេចតេជោ បន្ត​ជួបកម្មករ-កម្មការិនី ជាង១ម៉ឺន៧ពាន់នាក់ទៀត នៅក្នុងខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញបន្ត ចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ចំនួនជាង១ម៉ឺន៧ពាន់៥០០នាក់ទៀត មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងខេត្តកណ្តាល។ ពិធីសំណេះសំណាលនេះ ធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ជំនួបនៅថ្ងៃនេះ គឺជា​លើក៥៤ហើយ ដែលសម្តេចបានជួបសំណេះសំណាល ជាមួយក្រុមកម្មករ ​ដែលសរុបមានចំនួនជាង៧៥ម៉ឺន១ពាន់៥០០នាក់។


ឯកឧត្តម ​បានបន្តថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ ឲ្យក្រុមកម្មករ មកជួបសំណេះសំណាល ជាមួយសម្តេចតេជោ នាពេលនេះ មានទីតំាងស្ថិតនៅ ស្រុកគៀនស្វាយចំនួន១០, ស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១។ រោងចក្រ សហគ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និងវិនិយោគ ដោយជនជាតិវៀតណាមចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀក បំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។


តាមរយៈរោងចក្រ សហគ្រាស​ទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជន ក្នុងការរកការងារធ្វើ ក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។


ឯកឧត្តម អ៊ិត សំហេង បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករ និយោជិតចំនួន ជាង១សែន៥ម៉ឺន៥ពាន់នាក់ ដែលមានប្រាក់ឈ្នួល សរុប៣៧២លានដុល្លារ៕(អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation