ចក្រភពអង់គ្លេស បង្ហាញបំណងចង់ចូលរួមចំណែក ក្នុងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច​,​ អប់រំ, វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែសីហានេះ បានអនុញ្ញាតឲ្យ ឯកឧត្តម ម៉ាក​ ហ្វីល (Mark Field) អនុរដ្ឋមន្ត្រីការបរទេស ចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹង នៅក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ាក បានគោរពជម្រាបជូន សម្តេចតេជោថា នេះគឺជាលើកទី១ហើយ ដែលឯកឧត្តម បានធ្វើដំណើរមកកាន់កម្ពុជា ហើយឯកឧត្តម មានសេចក្តីរីករាយ ជាពិសេសទំនាក់ទំនងកម្ពុជា និងចក្រភពអង់គ្លេស គឺទំនាក់ទំនងទ្វេរភាគី មានភាពល្អយ៉ាងខ្លាំង ហើយទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចគ្នាដែរ។ ក្នុងន័យនេះ ឯកឧត្តម ចង់ឲ្យទំនាក់ទំនងនេះ កាន់តែបន្តរឹងមាំថែមទៀត។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ចក្រភពអង់គ្លេស គឺនៅតែបន្តជាមិត្តរបស់កម្ពុជា ហើយចង់ចូលរួមចំណែក ក្នុងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, លើវិស័យប្រែប្រួលអាកាសធាតុ, វិស័យអប់រំ, វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាដើម។ ពីនោះទៅទៀត ឯកឧត្តម បានបន្ថែមថា ចក្រភពអង់គ្លេស នឹងបន្តជួយដល់កម្ពុជា លើវិស័យដោះមីន។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ជូនចំពោះចក្រភពអង់គ្លេស ជារៀងរហូតមក តែងតែផ្តល់ជំនួយដល់កម្ពុជា តាមរយៈវិស័យអប់រំ ដែលចក្រភពអង់គ្លេសគុណភាពល្អ ជាពិសេសលើវិស័យអប់រំនេះតែម្តង។ សម្តេចបានថ្លែងអំណរគុណ ដល់ចក្រភពអង់គ្លេសផងដែរ ជួយយ៉ាងច្រើនដល់កម្ពុជា ក្នុងការដោះមីន។

សម្តេចក៏បានសូមឲ្យចក្រភពអង់គ្លេស ពិចារណា ធ្វើយ៉ាងណាជួយដល់វិស័យដោះមីននេះ ដល់មជ្ឈមណ្ឌលដោះមីនអាស៊ានផង ព្រោះមជ្ឈមណ្ឌលដោះមីនអាស៊ាននេះ មានទីតាំងនៅប្រទេសកម្ពុជា ហើយក៏មានតួនាទីសំខាន់ផងដែរ ក្នុងការបណ្តុះបណ្តាល បង្រៀន ប្រជាជននៅក្នុងតំបន់អាស៊ាន មិនមែនត្រឹមតែប្រទេសកម្ពុជានោះទេ ដើម្បីបម្រើការងារក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព នៅក្នុងពិភពលោក៕
អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation