ការប្រឡងបាក់ឌុបឆ្នាំនេះស្ទើរតែពុំមានបេក្ខជនរូបណានាំមកជាប់ខ្លួននៅសំណៅឯកសារ និងឧបករណ៍ហាមឃាត់ ដែលក្រសួងអប់រំចាត់ទុកថា មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២០ដល់២១ ខែសីហាឆ្នាំ២០១៨ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១១៥.២៦៨នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៦ មណ្ឌលក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៩៩ មណ្ឌលនិងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៩៧ មណ្ឌល ដែលត្រូវនឹង៤៦៥៥បន្ទប់ទូទាំងប្រទេស ដោយក្នុងរយៈពេលពីរថ្ងៃនេះមានបេក្ខជនអវត្តមានសរុប ១,៨៩៩នាក់ ស្រី៧៤៤នាក់ ត្រូវជា១.៦៥ភាគរយ នៃចំនួនសិស្សចុះឈ្មោះសរុប។


ក្រសួងអប់រំយុវជននិងកីឡា អះអាងថា ដំណើរការសំណេរទាំងពីរថ្ងៃមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ បើទោះបីជានៅបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង ក៏ដោយប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ ជាមួយគ្នានោះ បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមក ជាប់ខ្លួននៅសំណៅឯកសារ និងឧបករណ៍ហាមឃាត់ឡើយ ហើយក្នុងចំណោមនោះ មានបេក្ខជនប្រព្រឹត្តកំហុសឆ្គងចំនួន៧ករណីដែលមានករណីដកហូត ទូរស័ព្ទ៥ ករណីនិងនាំសំណៅឯកសារចូលមាន២ករណី ខណៈដែលមានគណៈមេប្រយោគប្រព្រឹត្តកំហុសឆ្គង ដោយទុកជាប់ខ្លួននិងប្រើប្រាស់ទូរស័ព្ទដៃក្នុង មណ្ឌលសំណេរចំនួន៥ករណី។

ក្រៅពីនេះ បេក្ខជនដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរមានចំនួន៦៤ករណី ហើយបន្ទាប់ពីទទួលបានការសង្គ្រោះបឋម អាចបន្តការប្រលងទៀតបានវិញ លើកលែងតែ៥ករណីប៉ុណ្ណោះដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពុំអាចត្រឡប់មកបញ្ចប់ការប្រឡងបាន។


តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រសួងអប់រំបញ្ជាក់ថា តាមការគ្រោងទុក លទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលនារសៀលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨ និងតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ និងមានផ្សព្វផ្សាយតាម បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជននិងកីឡា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation