កិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោត នាព្រឹកនេះ បានយល់ស្រប ​ក្នុងការបង្កើត ​«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដែលជាយន្ដការចូលរួមឆ្លើយតប និងផលប្រយោជន៍ ប្រជាពលរដ្ឋកម្ពុជាទាំងមូល
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ​ស្របទៅតាមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំ នៃគណបក្សនយោបាយ ចំនួន១៥ ក្នុងចំណោម១៦គណបក្ស ដែលបានចូលក្នុងកិច្ចពិគ្រោះយោបល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែសីហានេះ នៅវិមានសន្តិភាព បានយល់ស្រប ក្នុងការបង្កើតឲ្យមាន ​​«ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដើម្បីពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល ជាមួយនឹងគណបក្សនយោបាយ នៅក្រៅរដ្ឋសភា ក្នុងន័យដើម្បី ផ្តល់ឱកាសឲ្យគណបក្សនយោបាយទាំងអស់ បានចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ លើកលែងតែគណបក្សខ្មែរសាធារណរដ្ឋមួយប៉ុណ្ណោះ ដែលមិនទាន់យល់ស្រប ចំពោះអ្វីដែលសម្រេចបាននាពេលនេះ ដោយសុំពេល ដើម្បីជជែកផ្ទៃក្នុង គណបក្សជាមុនសិន។

នេះជាការថ្លែងឲ្យដឹង របស់ឯកឧត្តម ឈឹម ផលវរុណ ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី ​បានបញ្ជាក់ប្រាប់អ្នកសារព័តមាន ក្រោយបញ្ចប់ជំនួប នារសៀលថ្ងៃទី២១ ខែសីហានេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតប និងផ្ដល់ផលប្រយោជន៍ ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ប្រយោជន៍ របស់រាជរដ្ឋាភិបាលនោះឡើយ។​

នៅក្នុងកិច្ចពិគ្រោះយោបល់នេះ អង្គប្រជុំក៏​សម្រេចបាននូវ ទស្សនៈទាន ចំនួន៣​ផងដែរ គឺទី១.ការពិគ្រោះ និងផ្តល់យោបល់ សម្រាប់ការរៀបចំ គោលនយោបាយ របស់រាជរដ្ឋាភិបាល, ទី២.ឧត្តមក្រុមប្រឹក្សានេះ មានសិទ្ធិ និងភារកិច្ច ផ្តួចផ្តើមគំនិត ក្នុងការធ្វើសេចក្តីព្រាងច្បាប់ ​ដាក់ជូនទៅកាន់រាជរដ្ឋាភិបាល ព្រមជាមួយគ្នានោះ សមាជិកឧត្តមក្រុមប្រឹក្សា ក៏មានសិទ្ធិផ្តល់យោបល់ ទៅលើសេចក្តីព្រាងច្បាប់ដទៃទៀត ដែលស្ថាប័នរាជរដ្ឋាភិបាល បានតាក់តែងឡើងផងដែរ និងចំណុចទី៣.គឺសមាជិកឧត្តមក្រុមប្រឹក្សា គឺមានសិទ្ធិក្នុងការផ្តល់អនុសាសន៍កែលម្អ លើដំណើរអនុវត្ត ទាំងការអនុវត្តច្បាប់ និងការអនុវត្តអ្វីផ្សេងទៀត របស់រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយមិនតែប៉ុណ្ណោះ សម្តេចតេជោ និងរាជរដ្ឋាភិបាលស្វាគមន៍គ្រប់ពេល ចំពោះអ្វីដែលសមាជិកឧត្តមក្រុមប្រឹក្សា រកឃើញនូវភាពអសកម្ម ឬការបំពានអំណាច ពីសំណាក់មន្ត្រី ឬរដ្ឋមន្ត្រីណាម្នាក់។

ក្នុងចំណុចទី៣នេះដែរ សម្តេចតេជោ បានអនុញ្ញាតឲ្យតាក់តែង ក្នុងសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដោយផ្តល់សិទ្ធិពិសេស ដោយឡែកមួយទៀត ដល់ប្រធានគណបក្ស ក្នុងការដាក់លិខិត ឬភស្តុតាងផ្សេងៗ ជូនសម្តេចតេជោ​ផ្ទាល់តែម្តង។

សមាសភាព នៃឧត្តមក្រុមប្រឹក្សានេះ គឺប្រធានប្រតិភូ នឹងត្រូវបានតែងតាំង ឲ្យមានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយអនុប្រធានប្រតិភូ នឹងត្រូវបានតែងតាំង ឲ្យមានឋានៈស្មើរដ្ឋមន្ត្រី ដែលមានប្រាក់បៀវត្សជាកញ្ចប់ថវិកាជាតិ នៅក្នុងប្រអប់ទីស្តីការគណៈរដ្ឋមន្ត្រី។ ព្រមជាមួយគ្នានោះ ដើម្បីប្រសិទ្ធិភាព នៅក្នុងដំណើររបស់ឧត្តមក្រុមប្រឹក្សានេះ, សម្តេចតេជោ បានផ្តល់ជាគំនិតផ្តួចផ្តើមមួយ ដោយឲ្យមានការតែងតាំង ប្រធានប្រតិភូ ដែលប្រធានគណបក្សនីមួយៗ ​នៅក្នុងឧត្តមក្រុមប្រឹក្សានេះ មានតួនាទីជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួល ក្នុងការបំពេញការងារ។

សូមជម្រាបផងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺមានអាយុកាល៦ឆ្នាំ ស្នើនឹងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល មានន័យថា នៅពេលដែលអាណត្តិទី៦ របស់រាជរដ្ឋាភិបាលចប់នៅពេលណា ឧត្តមក្រុមប្រឹក្សានេះ នឹងស្របជាមួយគ្នានោះដែរ៕

អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation