មេដឹកនាំគណបក្សនយោបាយ១៥ ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមបង្កើត«ឧត្តមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» របស់សម្ដេចតេជោហ៊ុន សែន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សទាំង ១៦ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន មិនត្រឹមតែក្លាយជា សមាជិកនិងប្រធានប្តូរវេននៃ «ឧត្តមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» ទេ តែមេដឹកនាំគណបក្សទាំងនោះនឹងទទួលបាននូវតំណែងបន្ថែមជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីងាយស្រួលចំពោះសកម្មភាពចុះទៅកាន់មូលដ្ឋាន ក្នុងការងារនយោបាយរបស់គណបក្សផ្ទាល់របស់គេ។

ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់បន្ថែមថា នៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅវិមានសន្តិភាព ប្រធានគណបក្សនយោបាយទាំងអស់ បានបញ្ជាក់យ៉ាង ដូច្នេះថា «ខ្ញុំមានកិត្តិយស មោទនៈភាព និងសេចក្ដីរីករាយ ក្នុងការមកចូលរួមក្នុងវេទិកានេះ ក្នុងបរិបទរួមគ្នាគិត រួមគ្នាធ្វើ។ ខ្ញុំសូមឯកភាព និងគាំទ្រនូវការផ្ដួចផ្ដើមរបស់សម្ដេចនេះ» ដែលនេះជាបញ្ជក់របស់ថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន១៥ លើកលែងតែ លោក លន់ ឫទ្ធិ ប្រធានគណបក្សខ្មែរសាធារណៈរដ្ឋ ដែលសូមពេលដើម្បីពិគ្រោះជាមួយថ្នាក់ដឹកនាំនិងសមាជិកបក្សរបស់ខ្លួនសិន។

សូមជំរាបថា «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»គឺជាយន្តការដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោហ៊ុនសែន ដើម្បីជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ ហើយ«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» មានភារៈកិច្ចចំនួន៤ធំៗ រួមមាន៖

១.ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)

២.ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអាណត្តិ ធ្វើញាត្តិជូនព្រឹទ្ធសភាតតតាំងនិងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។

៣.ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ដល់នាយករដ្ឋមន្រ្តី។

៤. ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» មាន សមាសភាព និងយន្តការដូចតទៅ ៖

១.សមាសភាព ដោយស្ម័គ្រចិត្ត មកពីគណបក្សដែល បានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។

២.គណបក្សនីមួយៗមានតំណាង ពីររូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើរដោយនាយករដ្ឋមន្រ្តី។

៣.ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងក្នុងសន្លឺកនៃបញ្ជីបោះឆ្នោត។

៤.ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ ។

៥. លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នឹងចាប់ផ្តើមដំណើរការ តាមការគ្រោងទុកគឺ

១. ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន

២. ប្រជុំជាមួយនាយករដ្ឋមន្រ្តី ០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី

៣. ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation