ការធ្វើប្រតិភូកម្មមុខងារដល់ថ្នាក់ក្រោមជាតិ គឺដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាព អោយកាន់តែល្អប្រសើរ
| ព័ត៌មានជាតិ
SHARE

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញជំនឿជឿជាក់ថា ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ អោយដល់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺក្នុងគោលដៅជំរុញ និងបង្កើនប្រសិទ្ធភាព គុណភាព និងគណនេយ្យភាពនៃការផ្តល់សេវាសាធារណៈ អោយកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។


នេះជាការលើកឡើងរបស់ ឯកឧត្តម មាស ម៉ូលីកា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាស ស្តីពីការធ្វើប្រតិភូកម្មមុខងារចំនួន២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងការបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងសាលាខេត្តរតនគិរី នាថ្ងៃទី២១ ខែសីហានេះ ។


ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តមអនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា ក្រសួងពិតជាមានសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដ ដោយធ្វើយ៉ាងណាអោយមុខងារដែលបានធ្វើប្រតិភូកម្មទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាព លទ្ធភាព និងស្វ័យភាពពេញលេញក្នុងការអនុវត្ត សំដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។


បន្ថែមពីនេះ ប្រធានក្រុមការងារបច្ចេកទេសផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ នៃក្រសួងរូបនេះ បានបញ្ជាក់ទៀតថា ឆ្នាំ ២០១៨ នេះ គឺជាការចាប់ផ្តើមដំណាក់កាលទី៣ នៃកម្មវិធីជាតិ ដែលផ្តោតទៅលើ ការបន្តជំរុញ ពង្រឹងការទទួលខុសត្រូវ និងស្វ័យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋាន ។ ក្នុងន័យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រកាសចំនួន ២ ស្តីពីការធ្វើប្រតិភូកម្មមុខងារអោយទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ១, ការចុះបញ្ជីយានជំនិះ ដែលជាកម្មសិទ្ធឯកជន និងទី ២, ការផ្តល់បណ្ណបើកបរយានយន្តប្រភេទ ក និង ខ សម្រាប់ប្រជាពលរដ្ឋខ្មែរ ៕ (ប៉េស សារី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation