សម្តេចតេជោ៖ កិច្ចពិគ្រោះយោបល់រវាងនាយករដ្ឋមន្ត្រីជាមួយនឹងគណបក្ស មិនមែនគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលទេ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ឯកឧត្តមផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សាពិគ្រោះយោបល់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ បានមានប្រសាសន៍បញ្ជាក់ទៅកាន់មេដឹកនាំនៃបណ្តាគណបក្សនយោបាយទាំង ១៦ ដែលបានចូលរួមថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិន យូរប៉ុន្មានទេ “ការបោះឆ្នោត២០២២ នឹងមកដល់” ដែលការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ “ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ”។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ការផ្តួចផ្តើមគំនិត និងហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ ហើយយន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះភារៈកិច្ចចំនួន ៤ធំៗ រួមមាន៖

១.ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)

២.ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអាណត្តិ ធ្វើញាត្តិជូនព្រឹទ្ធសភាតតតាំងនិងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។

៣.ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ដល់នាយករដ្ឋមន្រ្តី។

៤. ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

តាមការបញ្ជាក់របស់សម្តេចតេជោ “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” មាន សមាសភាព និងយន្តការដូចតទៅ ៖

១.សមាសភាព ដោយស្ម័គ្រចិត្ត មកពីគណបក្សដែល បានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។

២.គណបក្សនីមួយៗមានតំណាង ពីររូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើរដោយនាយករដ្ឋមន្រ្តី។

៣.ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍តាមគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀងក្នុងសន្លឺកនៃបញ្ជីបោះឆ្នោត។

៤.ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ ។

៥. លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។

ហើយ“ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” នឹងចាប់ផ្តើមដំណើរការ តាមការគ្រោងទុកគឺ

១. ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន

២. ប្រជុំជាមួយនាយករដ្ឋមន្រ្តី ០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី

៣. ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation