ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យក្រសួងសេដ្ឋកិច្ច និងអង្គភាពពន្ធដារពិនិត្យឡើងវិញពីការដំឡើងអត្រាពន្ធប្រថាប់ត្រាផ្ទេកម្មសិទ្ធិអចលនទ្រព្យ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង អង្គភាពពន្ធដារ ពិនិត្យមើលលទ្ធភាពពីការដំឡើងអត្រាពន្ធប្រថាបត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ (ទិញ-លក់) ខណៈដែលតម្លៃដីធ្លី និងផ្ទះសំបែងនាពេលបច្ចុប្បន្នកំពុងហក់ឡើងយ៉ាងខ្លាំងនោះ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជាង ១៥០០០នាក់ នៅខណ្ឌសែន សុខ រាជធានីភ្នំពេញ កាលពីសប្តាហ៍មុននេះថា អត្រាពន្ធប្រថាប់ត្រាលើការផ្ទេអចលនទ្រព្យ នាពេលបច្ចុប្បន្ន ត្រូវបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ ប៉ុន្តែឥឡូវនេះ តម្លៃដីធ្លីបានហក់ឡើងយ៉ាងខ្លាំង ដែលតម្រូវឲ្យការយកពន្ធប្រថាប់ត្រាគួរតែត្រូវដំឡើងឲ្យសមស្របទៅនឹងស្ថានភាពតម្លៃដីធ្លីបច្ចុប្បន្ន។

សម្តេចតេជោបានលើកឡើងទៀតថា ទោះបីឆ្នាំនេះ កម្ពុជាបានរៀបចំបោះឆ្នោតជ្រើសតាំងតំណា ងរាស្ត្រនីតិកាលទី ៦ ក៏ដោយ ក៏ប៉ុន្តែស្ថានភាពតម្លៃដីធ្លីទាំងមុន និងក្រោយបោះឆ្នោតជាតិនៅ ល្អប្រសើរ ហើយការប្រមូលចំណូលពន្ធដារទៀតសោធន៍ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ផងដែរ។ ចំណែកអត្រាអតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន។

តាមឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​បានអះអាងថា ការប្រមូលពន្ធអចលនទ្រព្យឆ្នាំ ២០១៨នេះ បានប្រមាណ ២២២ពាន់លាន រៀល ឬប្រហែល ៥៥លានដុល្លារ បានកើនឡើង ៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អគ្គនាយដ្ឋានពន្ធដារកត់សម្គាល់ឃើញថា ក្នុងមួយខែៗប្រជាពលរដ្ឋដែលមកបង់ពន្ធប្រថាប់ត្រាមានប្រមាណជាង ៥ពាន់ករណី សម្រាប់រាជធានីភ្នំពេញ ដែលតួលេខនេះ គឺមានកម្រិត ខ្ពស់បើធៀបកាលពីឆ្នាំមុនៗ។ យ៉ាងណាក៏ដោយ
ការប្រមូលពន្ធអចលនទ្រព្យមានរយៈពេល ៩ខែគឺចាប់ពីខែមករា ដល់ខែកញ្ញា ហើយរហូតទល់នឹងពេលនេះមិនទាន់បិទបញ្ចប់នៅឡើយ។

កាលពីឆ្នាំមុនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការស្នើពីសម្តេចតេជោ ហ៊ុន សែន បានលុបចោលការយកពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យពីឪពុកម្តាយ ទៅកូនបង្កើត ពីជីដូន ជីតា ទៅចៅបង្កើត និងការផ្ទេររវាងប្តីប្រពន្ធជាដើម។

គួរបញ្ជាក់ថា អង្គភាពពន្ធដារបានប្រកាសពីកាតព្វកិច្ចអ្នកជាប់ពន្ធអចលនទ្រព្យកាលពីឆ្នាំ ២០១១ ហើយចំពោះអចលនទ្រព្យដែលជាប់ពន្ធ មានតម្លៃចាប់ពី ១០០លានរៀលឡើងទៅ។ ចំណែកការបង់ពន្ធក្នុងអត្រា ០,១ភាគរយនៃតម្លៃអចលនទ្រព្យសរុប ប៉ុន្តែរដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធតែអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងបណ្តាក្រុងទាំងអស់តាមបណ្តាខេត្តនានា។
អត្ថបទ៖ សៀម ប៊ុនធី ​​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation