ក្រុមហ៊ុនសាជីវកម្មលំដាប់អន្តរជាតិដ៏ធំមួយរបស់ជប៉ុនមានបំណងវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្រុមហ៊ុនសាជីវកម្មលំដាប់អន្តរជាតិរបស់ជប៉ុនមួយស្វែងរកឳកាសវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដែលក្នុងនោះ ក្រុមហ៊ុនមានបំណងទិញភាគហ៊ុន និងកម្មវិធីដៃគូរវាងរដ្ឋ និងឯកជន(PPP) ក្នុងវិស័យវិនិយោគទឹកស្អាតផងដែរ​។

នេះបើតាមការលើកឡើងរបស់ប្រតិភូក្រុមហ៊ុនសាជីវកម្ម Marubeni មកពីប្រទេសជប៉ុន ដឹកនាំដោយលោក Kaoru Iwasa នាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្ម Marubeni ប្រចាំតំបន់អាស៊ាន និងអាស៊ីបូព៌ា នៅក្នុងជំនួបជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីម្សិលមិញ។

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងផ្តល់ទំនុកចិត្តខ្ពស់ចំពោះ ក្រុមហ៊ុនសាជីវកម្ម Marubeni ដែលជាក្រុមហ៊ុនសាជីវកម្មដ៏ល្បីរបស់ជប៉ុនមានប្រវត្តិធ្វើអាជីវកម្មជាយូរលង់មកហើយ។

ចំពោះគោលបំណងនៃការសិក្សាលទ្ធភាពវិនិយោគលើវិស័យទឹកស្អាតតាមរយៈការទិញភាគហ៊ុន រឺ កម្មវិធីដៃគូរវាងរដ្ឋ​និងឯកជន ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីលទ្ធភាពតិចតួចដែលកើតមានឡើងតាមរូបភាពនេះ នៅកម្ពុជា។ ប៉ុន្តែ បើតាមរូបភាព BOT រឺជាកម្ចីសម្បទាន រឺជាជំនួយឥតសំណង ឃើញថា ដៃគូជប៉ុនបានជួយនិងប្រតិបត្តិការច្រើននៅកម្ពុជា ហើយទទួលបានលទ្ធផលល្អប្រសើរ ជាមួយនិងគុណភាពទឹកទទួលបានតាមកំរិតស្តង់ដារទៀតផង។

​លោក Kaoru Iwasa ជាប្រធានប្រតិភូ បានលើកឡើងពីប្រវត្តិក្រុមហ៊ុន ដែលមានម្ចាស់ស្ថាបនិកបង្កើតឡើងតាំងពីឆ្នាំ១៨៥៨ ហើយបានប្តូរឈ្មោះជាបន្តបន្ទាប់ ទើបនៅឆ្នាំ១៩៧២ បានប្តូរឈ្មោះ មកជាក្រុមហ៊ុនសាជីវកម្ម Marubeni វិញ។

ក្រុមហ៊ុនមានមុខសញ្ញាអាជីវកម្មជាច្រើន ដូចជា៖វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ដឹកជញ្ជូន ធនធានរ៉ែ និងថាមពលជាដើម។ បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មនេះមានសាខាចំនួន១៣១ និងការិយាល័យចំនួន៦៦ ប្រទេសក្នុងតំបន់ មានបុគ្គលិកធ្វើការប្រមាណ៤ម៉ឺននាក់ ចំណូលប្រចាំឆ្នាំ២០១៧ គឺប្រមាណ ១៩២១លានដុល្លារអាមេរិក។ ទាក់ទងនិងវិស័យទឹកស្អាតក្រុមហ៊ុនមានជំនាញខ្ពស់​ ហើយបានធ្វើប្រតិបត្តិការជាច្រើនប្រទេសលើពិភពលោក ហើយក៏មានបំណងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាផងដែរ។

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអណត្តិទី០៦ ខាងមុខនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម នឹងឈានទៅមុខមួយជំហានទៀត គឺយើងមិនត្រឹមផ្តោតការផ្គត់ផ្គង់ទឹកស្អាតត្រឹមតំបន់ទីប្រជុំជនប៉ុណ្ណោះទេ តែយើងនឹងឈានបន្តិចម្តងៗ ដល់តំបន់ទីប្រជុំជនតូច​ៗនិងជនបទ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតចេញពីបំពង់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation