ការនាំចូលបន្លែស្រស់ពីប្រទេសថៃធ្លាក់ចុះតែពីបណ្តារខេត្តនានានៅតែកើនឡើង ខណៈកសិករខេត្តកោះកុងនៅមិនទាន់បង្កើនការដាំដុះ
| ព័ត៌មានជាតិ
SHARE

ខេត្តកោះកុង÷ប្រជាពលរដ្ឋរាប់មុឺនរាប់សែននាក់រស់នៅតាមទីប្រជុំជនក្នុងខេត្តកោះកុង នៅតែទទួលទានបន្លែស្រស់ ដែលនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិចាំយាម ទាំងមានគុណភាព ទាំងខ្វះគុណភាព គួបផ្សំនិងកំនើននៃការនាំចូលបន្លែដ៏ច្រើនលើសលប់ពីតាមបណ្តារខេត្តនានាឆ្លងកាត់ពីក្រុងភ្នំពេញមកកាន់ខេត្តកោះកុង ។

ការហូរចូលមកនូវបន្លែស្រស់ស្ទើរតែគ្រប់ប្រភេទមកកាន់ខេត្តកោះកុងនេះមកពីប្រជាកសិករជួបផលលំបាកក្នុងការបង្កើតគំនិតកែច្នៃលើការដាំដុះបន្លែស្រស់ ដោយការរស់នៅ របស់ប្រជាកសិករដែលប្រកបរបរកសិកម្មសព្វថ្ងៃនេះពឹងផ្អែកតែលើកត្តាធម្មជាតិមួយមុខតែប៉ុណ្ណោះ បញ្ហាដែលប្រឈមចំពោះប្រជាកសិករទាំងអស់នោះគឺបញ្ហាកង្វះខាតនូវប្រព័ន្ធធារាសាស្ត្រ សម្រាប់ផ្គត់ផ្គង់និងប្រព័ន្ធស្រោចស្រប់ លើផលដំណាំនិងម៉្យាងទៀតស្ថានភាពដីនៅតំបន់មួយចំនួនមិនអំណោយផលដល់ការដាំដុះបន្លែជាច្រើនប្រភេទដូចជា ត្រកួន ស្ពៃ ខាត់ណា សាឡាត់ជាដើម។ល។
ប្រជាកសិករភាកច្រើននៅខ្វះបច្ចេកទេសកែទំរង់ដីធ្លី និងដម្ហែរទាំនៅពេលដាំដុះ ជាពិសេសនៅក្នុងរដូវវស្សាតែម្តង បានធ្វើអោយផលិតផលបន្លែមានការធ្លាក់ចុះស្ទើរទាំងស្រុងនៅលើទីផ្សារ ដោយគ្មានការផលិតពីប្រជាកសិករ។

ឈានចូលដល់រដូវវស្សាឆ្នាំ២០១៨នេះ ប្រជាកសិករនៅរំពឹងតែលើការប្រើប្រាស់បន្លែព្រៃដែលដុះពីធម្មជាតិប៉ុណ្ណោះដូចជាស្អំ ម្អម ស្លឹកបាស ចេកព្រៃ ជាដើម។ល។

ការបេះបន្លែព្រៃយកមកទទួលទានឬយកមកលក់នោះ ក៏នៅមិនអាចបំពេញតម្រូវការចាំបាច់របស់មនុស្សគ្រប់រូបបាននោះឡើយ ទើបធ្វើអោយអាជីវករនៅតាមទីប្រជុំជនក្នុងខេត្តកោះកុង ត្រូវបង្ខំចិត្តទទួលទិញបន្លែស្រស់គ្រប់ប្រភេទពីតំបន់ផ្សេងៗមកលក់នៅលើទឹកដីរបស់ខ្លួន។

អាជីវករលក់បន្លែក្នុងផ្សារដងទង់ក្រុងខេមរភូមិន្ទ ដែលជាអ្នកប្រកបមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយការលក់ដូររបស់អាជីវករទាំងនោះ ក្នុងមួយមុខៗនៃបន្លែមិនតិចជាង៥kgឡើយក្នុង១ថ្ងៃ ។ អាជីវករទាំងអស់បានបញ្ជាក់អោយដឹងទៀតថា ការទទួលទិញពីឈ្មួញដឹកចូលមកពីប្រទេសថៃនិងឈ្មួញដឹកចូលមកពីក្រុងភ្នំពេញ តម្លៃមិនដូចគ្នាទេ រីឯទំហំនៃការនាំចូលក៏មិនដូចគ្នាដែរ ដោយគាត់បានអះអាងថាបន្លែដែលនាំចូលពីប្រទេសថៃគឺមានចំនួនទាបជាង បន្លែដែលនាំមកពីក្រុងភ្នំពេញ ហើយការទិញរបស់អថិតិជនសម្រាប់បរិភោគវិញនោះ ពួកចូលចិត្តបរិភោគបន្លែដែលនាំមកពីក្រុងភ្នំពេញច្រើនជាងបន្លែដែលនាំចូលពីប្រទេសថៃ នេះបើតាមការអោយដឹងពីលោកស្រី អាន អក្ខរា វ័យ៤៩ ឆ្នាំជាអ្នកលក់បន្លែគ្រប់មុខក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បច្ចុប្បន្នប្រជាកសិករកំពុងដង្ហោយរកការជួយបង្កើនគំនិត បច្ចេកទេសថ្មីៗ ពីមន្ត្រីជំនាញផ្នែកកសិកម្ម ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រភេទជីធម្មជាតិ ការកែទំរង់ដីធ្លីនិងវិធីសាស្ត្រក្នុងការថែទាំដំណាំ ដើម្បីជួយជំរុញដល់ការដាំដុះរបស់ប្រជាកសិករអោយកាន់តែមានសន្ទុះឈានឡើង ដើម្បីបំពេញតម្រូវការនៅលើទីផ្សារ និងកាត់បន្ថយបាននូវការនាំចូលបន្លែ ផ្លែឈើដែលនាំចូលពីប្រទេសថៃ និងតំបន់ផ្សេងៗទៀតចូលមកខេត្តកោះកុង យ៉ាងច្រើនលើសលប់។

ដោយមើលឃើញនូវតម្រូវការលើទីផ្សារក្នុងខេត្តកោះកុងមានកម្រិតខ្ពស់ ទើបលោក សៀង កក្កដា ជាកសិករម្នាក់ ងាកមកចាប់អារម្មណ៍លើការដាំបន្លែស្រស់នៅលើទឹក ដែលមានឈ្មោះថាហៃដ្រូប៉ូនិក Hydroponic farm ក្រោយពេលដែលលោកទទួលបរាជ័យក្នុងការដាំបន្លែនៅលើផ្ទៃដី ដោយលោកបានអះអាងថា ស្ថានភាពដីនៅខេត្តកោះសម្បូរដោយសារធាតុជូ ធ្វើអោយបន្លែដែលដាំនៅផ្ទៃដីរបស់លោក មិនអាចលូតលាស់បានល្អ ហើយលោកក៏ចាប់យកអាជីពមួយរហូតមក។

ដំណើរការនៃការដាំបន្លែនៅលើទឹកនេះ លោកបានដកស្រង់បទពិសោធអស់រយៈពេលជាង៥ឆ្នាំ ទម្រាំលេចចេញ លទ្ធផលជាផ្លែផ្កាមកដល់បច្ចុប្បន្ន។ សមិទ្ធផលដែលលោក សៀង កក្កដា ទទួលបានមកដល់សព្វថ្ងៃនេះ កើតចេញពីការតស៑ូព្យាយាមរបស់លោក ដោយផ្តើមពីបន្តិចម្តងៗនៃការដាំបន្លែលើទឹក ប៉ុន្តែទោះយ៉ាងណាក៏លោកនៅតែជួបបញ្ហាប្រឈមចំពោះមុខដដែល ដូច្នេះទើបលោក សម្រេចចិត្តស្វែងរកការសិក្សាស្រាវជ្រាវបទពិសោធបន្ថែម ពីអ្នកដែលធ្លាប់ទទួលបាននូវភាពជោគជ័យនៅឯក្រុងតាខ្មៅទីរួមខេត្តកណ្តាល បើទោះជាត្រូវធ្វើដំណើរឆ្ងាយយ៉ាងណា ក៏លោកនៅតែព្យាយាមទៅអោយដល់គោលដៅដែលខ្លួនប៉ងប្រាថ្នាចង់បាន រហូតទទួលបាននូវការនិយមគាំទ្រពីអថិតិជន ក្នុងការលក់បន្លែគ្រប់ប្រភេទដែលដាំនៅលើទឹក ប្រកបដោយគុណភាពល្អមិនប្រើប្រាស់នូវសារធាតុគីមីឡើយ ហើយលោកអាចរកចំណូលក្នុងមួយខែមិនទាបពី៥០០ទៅ៦០០ដុល្លានោះឡើយ។

លោក សៀង កក្កដា បន្តអោយដឹងទៀតថា លោកមានបំនងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតលើ អាជីវកម្មមួយនេះអោយបានកាន់តែច្រើនបន្ថែមទៀតដើម្បីបំពេញតម្រូវការចាំបាច់នៅលើទីផ្សារខណៈផ្ទៃដីខាងក្រោយផ្ទះរបស់លោកនៅពេលនេះត្រូវបានដាំអស់គ្មានសល់មួយចន្លោះ ៕(អត្ថបទ៖ តាំង​ ស៊ុន​នី​ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation