កម្ពុជា និងថៃ កំពុងជំរុញឲ្យប្រើប្រាស់ QR Code សម្រាប់ទូទាត់ប្រាក់ជារូបិយវត្ថុជាតិនៃប្រទេសទាំងពីរ នៅពាក់កណ្តាលឆ្នាំ ២០១៩ខាងមុខ
| ព័ត៌មានជាតិ
SHARE

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ នឹងជំរុញគម្រោងស្តីពីការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ រវាងប្រាក់រៀលខ្មែរ និងប្រាក់បាតថៃ ចំពោះប្រតិបត្តិការឆ្លងព្រំដែននៃប្រទេសទាំងពីរ នឹងចាប់ផ្តើមអនុវត្តន៍នៅពាក់កណ្តាលឆ្នាំ ២០១៩ខាងមុខ។

គម្រោងរួមគ្នានេះមានគោលបំណងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធ QR Code ដែលជាជំហានដំបូងសម្រាប់ទូទាត់ជាទូទៅ ដូចជា ការទូទាត់របស់ភ្ញៀវទេសចររបស់ប្រទេសទាំងពីរ និងបន្ទាប់មកនឹងបង្កើនវិសាលភាពដល់ការផ្ទេរប្រាក់របស់កម្មករ និងការទូទាត់ក្នុងពាណិជ្ជកម្មនិងវិនិយោគ។

លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ QR Code នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលទទួលបានផលចំណេញជាច្រើន ដូចជា អាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញ ឬទូទាត់ចំណាយនានាដូចជា សេវាព្យាបាលជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយតិចបំផុត បើធៀបទៅនឹងការប្តូរនិងការកាន់សាច់ប្រាក់បាតទៅចាយលើទឹកដីថៃ។

លោកជំទាវបញ្ជាក់ថា ប្រជាជនកម្ពុជា នឹងមិនចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ ដែលពេលខ្លះអាចទទួលរងនូវការខាតបង់ពីការប្តូរប្រាក់ ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយអាចធ្វើការចំណាយដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់បង់និងខ្វះខាតប្រាក់បាតថៃ នៅពេលដែលមានគណនីជាប្រាក់រៀលនៅកម្ពុជា។

លើសពីនេះ ការប្រើប្រាស់ QR Code ក៏នឹងអាចអនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃទំនិញឱ្យគ្នាដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការប្តូរប្រាក់នៅតាមភ្នាក់ងារប្តូរប្រាក់នានាផងដែរ ចំណែកឯកម្មករកម្ពុជាដែលធ្វើការនៅប្រទេសថៃក៏នឹងអាចផ្ទេរប្រាក់ទៅគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធនេះ ជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។

គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក ស្របតាមគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

ម៉្យាងទៀត ការប្រើប្រាស់ QR Code ជាមួយនឹងគណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការមានតម្លៃទាប ងាយស្រួលនិងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការតូចៗរបស់ប្រជាជនក្រីក្រនិងថ្នាក់កណ្តាល៕ អត្ថបទ៖ សៀម ប៊ុនធី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation