ក្រសួងអប់រំ៖ដំណើការប្រឡងបាក់ឌុបថ្ងៃទី១ ព្រឹកថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជននិងកីឡា បានបរិយាកាសទូទៅក្រោយពេលបញ្ចប់ប្រឡងសំណេរនាព្រឹកថ្ងៃទី១ ព្រឹកថ្ងៃទី១ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ ។

តាមការសង្កេត បេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

បន្ទាប់ពីបានបញ្ចប់ដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ សន្លឹកកិច្ចការត្រូវបានររៀបចំវេចខ្ចប់ ដោយគណៈមេប្រយោគទូទាំងប្រទេស ,គណៈកម្មការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រី អ្នកសង្កេតការណ៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

កំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅឯខេត្តកំពង់ឆ្នាំងមានបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និង បំពេញវិជ្ជាសរុបចំនួន ៤៧១៩នាក់ ចែកចេញជា៨មណ្ឌល និង ១៨០បន្ទប់។ នៅថ្ងៃដំបូង នៃការប្រឡង នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួម បើកវិញ្ញាសារប្រឡង និង ពិនិត្យអំពីស្ថានភាពទូទៅនៃការប្រឡង ពាក់ព័ន្ធការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយ និង សុវត្ថិភាព នៅតាមមណ្ឌលប្រឡងនីមួយៗក្នុងខេត្ត។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានអោយដឹងថា ការប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានត្រៀមលក្ខណៈ និង ចាត់វិធានការយ៉ាងហ្មត់ ចត់បំផុត ដោយបានណែនាំដល់អាជ្ញាធរ និង គ្រប់មន្ទីរអង្គភាពដែលពាក់ព័ន្ធទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ស្របតាម គោលការណ៍ ថ្នាក់ជាតិ ដែលបានកំណត់ណែនាំ។ ឯកឧត្តមបានផ្តាំផ្ញើ អោយបេក្ខជនទាំងអស់ត្រូវបញ្ចេញអោយអស់នូវ ចំណេះដឹង ដែលបានខិតខំសិក្សាកន្លងមក និង ត្រូវគោរពអោយបាននូវបទបញ្ញត្តិនៃការប្រឡងអោយបានល្អប្រសើរ ។

ត្បូងឃ្មុំនិងព្រៃវែង
ត្បូងឃ្មុំ និង ព្រៃវែង៖ ខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងចំនួន៦ និងសរុបសិស្សប្រឡងចំនួន ៣៧១៩ នាក់ ដោយឡែកនៅខេត្តព្រៃ វែង មានបេក្ខជនប្រឡង ៦៣០៦ នាក់ ចែកចេញជា១២មណ្ឌល និង២៥៦បន្ទប់។

ក្នុងឱកាសនអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០១៨ នៅវិទ្យាល័យសម្តេចម៉ែ ក្នុងស្រុកត្បូងឃ្មុំ នាព្រឹកនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលរង ខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្អូនៗទាំងអស់គ្នាបាន ខិតខំរៀនសូត្រ ជាច្រើនឆ្នាំ ក្នុងនោះរយៈពេលមួយឆ្នាំពេញនេះគឺ ពិតជាទទួលបាននូវចំនេះដឹង អាចប្រឡងជាប់ទាំងអស់គ្នា ហើយសង្ឃឹមថា នឹងមានប្អូនៗទទួលបាននិន្ទេសល្អជាក់ជាមិន ខាន ខណៈឆ្នាំ២០១៧កន្លងមកខេត្តត្បូងឃ្មុំក៏ទទួលបាននិន្ទេស A ចំនួន ៧ នាក់ ។

មណ្ឌលគិរី
ខេត្តមណ្ឌលគិរីៈ ការប្រឡងបាក់ឌុប នៅព្រឹកថ្ងៃទី២០នេះ គឺមានអវត្តមានបេក្ខជន ប្រលងចំនួន២នាក់ ចំណែកការប្រលង របស់បេក្ខជនតាមបន្ទប់នីមួយៗ បានដំណើរការទៅយ៉ាងរលូន ដោយបេក្ខជន ប្រលងទាំងអស់មានស្មារតីល្អ និងមិនមាន ភាពមិនប្រក្រតីកើតឡើងនោះទេ។

ក្នុងឱកាសអញ្ជើញបើក វិញ្ញាណសារនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឯ.ឧ ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបាន អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់និងសណ្ឋាគារទាំងអស់មេត្តាកុំដំឡើងថ្លៃសូមរក្សាតម្លៃដដែលជាភាពងាយស្រួលដល់សិស្សានុសិស្សមកពីបណ្តាស្រុកស្នាក់នៅហើយក៍បានផ្តាំដល់បេក្ខជនបេក្ខនារីក្នុងពេលប្រឡងតាំងចិត្តនិងអារម្មណ៍ធម្មតាៗកុំភ័យជាពិសេសនោះចូរបេក្ខជនដែលមានវត្តមានប្រឡងថ្ងៃនេះត្រូវធ្វើការគោរពគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមលោកទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡា បានឲ្យដឹងទៀតថា មណ្ឌលប្រឡងបាក់ឌុប នៅមណ្ឌលគិរីឆ្នាំនេះ មានចំនួន០២មណ្ឌល គិតជាបន្ទប់ប្រឡងមានចំនួន១៨បន្ទប់ ដែលមាន បេក្ខជនប្រឡង ចំនួន៤១២ នាក់

រតនគិរី
រតនគិរី៖លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី បានឲ្យដឹងថា ការប្រឡងបាក់ឌូបឆ្នាំ២០១៨នេះ ការប្រឡងចែកចេញជាពីរ មណ្ឌលគឺមណ្ឌលវិទ្យាសាស្ត្រ និងមណ្ឌល វិទ្យាសាស្រ្តសង្គម សរុបបេក្ខជនទាំងអស់មានចំនួន ៩០៧ នាក់។

ក្នុងពិធីបើកវិញ្ញសារប្រឡងនៅវិទ្យាល័យ សម្តេចឳ សម្តេចម៉ែ ឯកឧត្តម ថង សាវុន បានស្នើថា បេក្ខជនទាំងអស់ពេលមកប្រឡង មិនត្រូវយកសំណៅឯកសារ ឬទូរស័ព្ទចូលបន្ទប់ប្រឡងឡើយ គឺប្រើបានតែឧបករណ៍ណាដែលក្រសួងបានអនុញ្ញាតតែប៉ុណ្ណោះ។

ឯកឧត្តមបន្តថាក្នុងនាមអាជ្ញាធរខេត្ត ក៏បានរៀបចំការផ្ញើរកង់ម៉ូតូគ្រប់មណ្ឌលប្រឡងទាំងអស់ មិនឲ្យយកលុយទេ ដោយស្នើ សុំកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរីជួយហើយខេត្តនឹងឧបត្ថម្ភរាល់ការចំណាយផ្សេងរបស់ក្រុមការងារ។ ឯកឧត្តម ថង សាវុន ក៏បានក្រើនរំឭកឲ្យសិស្សានុសិស្សទាំងអស់មិនត្រូវជឿការ ឃោសនារបស់ជនខិលខូចមួយចំនួនតូច ដែលលក់វិញ្ញាសារនៅខាងក្រៅ គឺត្រូវជឿជាក់ លើខ្លួនឯង ខិតខំធ្វើឲ្យអស់ពីសមត្ថភាព ប្រើឲ្យអស់សក្ដានុពលរបស់ខ្លួនពោលគឺ អ្នកចេះ គឺជាប់។

កំពត
កំពត៖ សម្រាប់នៅខេត្តកំពត ឆ្នាំ២០១៨នេះ នៅទូទាំងខេត្តកំពតមានបេក្ខជនប្រឡងបា
ក់ឌុប ៥៥១៩នាក់ មានមណ្ឌលប្រឡង ចំនួន ០៩ស្មើ២២៣បន្ទប់។

ក្នុងឱកាសអញ្ញើញបើកវិញ្ញាសារ នៅមណ្ឌលប្រឡងនៃ វិទ្យាល័យ ក្រុងកំពតឯកឧត្ដមជាវ តាយ អភិបាលខេត្តកំពតបាន សំណូមពរដល់គណៈកម្មាការមេប្រយោគនិងបេក្ខជនប្រឡង ត្រូវរក្សាវិន័យសណ្ដាប់ធ្នាប់នៃការប្រឡងអោយបាន ខ្ជាប់ខ្ជួនល្អប្រសើរដើម្បីធ្វើអោយការប្រលងប្រព្រឹត្តទៅដោយរលូន ស្របតាមពាក្យស្លោក « អ្នកចេះ គឺជាប់ » ។ឯកឧត្ដមជាវ តាយ បន្តថា គណៈអភិបាលខេត្តទាំងការរៀបចំបរិដ្ឋានបន្ទប់ប្រឡង ការរៀបចំផែនការការពារ និងសង្រ្គោះតាមមណ្ឌលប្រឡងទាំង៩ ការផ្គត់ផ្គង់សេវាទឹក ភ្លើងនៅមណ្ឌលប្រឡង មិនគិតថ្លៃផ្ញើ កង់ម៉ូតូ របស់សិស្ស និងសំណូមពរមិនអោយមានការថតចម្លងឯកសារ និងការឡើងថ្លៃម្ហូបអាហារ ផ្ទះសំណាក់ក្នុងថ្ងៃប្រលង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation