រដ្ឋលេខាធិការក្រសួងសុខាភិបាល មើលឃើញថា កិច្ចការថែទាំ និងព្យាបាលទារក ​កំពុងមានការវិវឌ្ឍន៍ កាន់តែល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ មានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញ​ ជាអធិបតីភាព ក្នុងពិធីបើកសន្និសីទលើកទី២ ក្រោមប្រធានបទ «ភាពចុះខ្សោយរបស់ទារកជុំវិញកំណើត» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ, ឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា បានណែនាំ ឲ្យក្រុមគ្រូពេទ្យទាំងអស់ បង្កើនទាំងសមត្ថភាព និងប្រសិទ្ធិភាពបន្ថែមទៀត ក្នុងការថែទាំ និងព្យាបាលទារក ដែលជាកិច្ចការដ៏សំខាន់នេះ។


ព្រមជាមួយគ្នានោះ ឯកឧត្តម បានកោតសរសើថា ​ផ្នែកថែទាំ និងព្យាបាលទារក នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមានការវិវឌ្ឍន៍ល្អប្រសើរ ជាពិសេស នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យថ្នាក់ជាតិនោះ បាននឹងកំពុងក្លាយជាគំរូដ៏ល្អ សម្រាប់មន្ទីរពេទ្យទាំងឡាយ នៅក្នុងប្រទេស។


ឯកឧត្តមបន្ថែមថា តាមរយៈការបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិ នៅក្នុងសន្និសីទនេះ ស្តីពីការព្យាបាល ពិសេសចំពោះទារក ដែលកើតមកខ្សោយ នឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីបំផុត ដល់គ្រូពេទ្យជំនាញទាំងអស់ ដើម្បីយកទៅអនុវត្ត តាមបណ្តាមន្ទីរពេទ្យរបស់ខ្លួន ដើម្បីចូលរួមក្នុងការកាត់បន្ថយមរណៈភាពទារក នៅកម្ពុជា។


បើតាមប្រសាសន៍ អ្នកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ឹម សិទ្ធិការ្យ ប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានលើកឡើងថា ប្រធានបទនៃសន្និសីទនេះ ជាប្រធានបទសំខាន់បំផុត ព្រោះភាពចុះខ្សោយរបស់ទារក ក្នុងពេលកើតជាមូលហេតុទី២ នៃការស្លាប់របស់ទារក នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទារកចាប់កំណើតមកមិនគ្រប់ខែ។

 
សូមជម្រាបថា សន្និសីទនេះ មានគោលបំណងផ្សព្វផ្សាយចំណេះដឹងបន្ថែម ពីបញ្ហាប្រឈម និងភាពចុះខ្សោយរបស់ទារក តាមរយៈ ទី១. បញ្ហាប្រឈមរបស់ម្តាយ និងរបស់ទារក, ទី២.ការតាមដានឲ្យបានល្អ មុនពេលសំរាល និងពេលកំពុងសំរាល និងទី៣.ការប្រាស្រ័យទាក់ទងគ្នាបានល្អ រវាងគ្រូពេទ្យ ម្តាយនិងទារក ដើម្បីធ្វើការសង្គ្រោះ ឲ្យបានទាន់ពេលវេលា៕ (អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation