អង់គ្លេសសន្យាបន្តជួយលើកកម្ពស់វិស័យអប់រំនិងយែនឌ័រដល់កម្ពុជាឲ្យកាន់តែប្រសើរបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ:លោកជំទាវ Tina Susan Redshaw ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសថ្មីប្រចាំនៅកម្ពុជា បានសន្យាថានឹងបន្តជួយលើកកម្ពស់វិស័យអប់រំនិង លើកកម្ពស់យែនឌ័រ ក្នុងភាពជាអ្នកដឹកនាំនៅប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត ខណៈរាជរដ្ឋាភិបាលថ្មីដែលបន្តដឹកនាំដោយ គណបក្សប្រជាជនកម្ពុជានៅតែរក្សាទំនាក់ទំនងដ៏ល្អជាមួយអង់គ្លេសនោះ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ នៅក្រសួងមហាផ្ទៃ លោកជំទាវ Tina Susan Redshaw បានលើកឡើងថាក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសអង់គ្លេសនឹង ជួយលើកកម្ពស់វិស័យ អប់រំនៅប្រទេសកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតឲ្យបន្តការសិក្សានៅប្រទេសអង់គ្លេសបន្ថែមទៀត រួមទាំងជួយលើកកម្ពស់ស្រ្តី ធ្វើជាអ្នកដឹកនាំលើគ្រប់វិស័យផងដែរ។

នៅក្នុងជំនួបពិភាក្សានេះដែរ លោកជំទាវ Tina Susan Redshaw បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា ក្នុងនាមលោកជំទាវជា ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា គឺការទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងមហាផ្ទៃ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយ ដល់កិច្ចការកុងស៊ុលរបស់ស្ថានទូតអង់គ្លេស។ ហើយលោកជំទាវបានជម្រាបជូនសម្តេចក្រឡាហោម អំពីវេទិកានៃការជួញដូរសត្វព្រៃខុសច្បាប់ ដែលចក្រភពអង់គ្លេស និងរៀបចំនៅទីក្រុងឡុង នៅខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ហើយចក្រភាពអង់គ្លេសសូមអញ្ជើញសម្តេចក្រឡាហោម ចូលរួមក្នុងវេទិកានេះផងដែរ។ 

ឆ្លើយតបនឹងការលើកឡើងរបស់លោកជំទាវ Tina Susan Redshaw សម្តេចក្រឡា ហោម ស ខេង បានថ្លែងថា កម្ពុជាពិតជា អរគុណចំពោះការ សន្យារបស់ប្រទេសអង់គ្លេសក្នុងការបន្តជួយដល់កម្ពុជា ជាពិសេសលើកកម្ពស់វិស័យអប់រំនេះតែម្តង។ សម្តេចបានបន្តថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំជាច្រើនទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ហើយការលើកម្ពស់នេះគឺនៅតែដដែល ដូច្នេះអ្វីដែលលោកជំទាវ Tina Susan Redshaw បានសន្យាបន្ថែមនោះគឺកម្ពុជាស្វាគមន៍ជានិច្ច ហើយរំពឹងថាវិស័យទាំងនោះនឹងកាន់តែល្អប្រសើរបន្ថែមទៀតនៅកម្ពុជា។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានប្រាប់ដល់លោកជំទាវ Tina Susan Redshaw ថា រាជរដ្ឋាភិបាលថ្មីដែលបន្តដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដដែលនោះនឹងធ្វើឲ្យប្រទេសកាន់តែរីកចំរើនបន្ថែមទៀតលើគ្រប់វិស័យ ហើយការពារដាច់ខាតនូវសុខសន្តិភាពជូន ដល់ប្រជាជននិងប្រទេសជាតិទាំងមូលមិនឲ្យប្រទេសវិលត្រឡប់ ទៅរកភាពវិនាសវិញនោះឡើយ៕

អត្ថបទ÷ឃឹម វិសាល 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation